ព័ត៌មានជាតិ

កត្ដា ៣យ៉ាង ​ដែល​ជំរុញ​ឲ្យ ​Jack Ma​ និង​ Alibaba​ ជោគជ័យ​

Jack Ma ត្រូវបានពិភពលោកទាំងមូលទទួលលោកថា ជាសហគ្រិនជោគជ័យបំផុតនៅក្នុងឆ្នាំ ២០១៤ ជាមួយនឹងការលក់ IPO ទទួល​បានប្រាក់​ ២៥ពាន់លានដុល្លារអាមេរិក ដែលបានជំរុញឲ្យលោកក្លាយជាកំពូលមហាសេដ្ឋីលំដាប់ទី១របស់ចិន។

បន្ទាប់ពីទទួលបាន​ភាព​ជោគជ័យយ៉ាងខ្លាំងស្ទើតែមិននឹកស្មានដល់នោះ Jack ត្រូវបាន​ក្រុមអ្នកជំនួញ និងបណ្ដាញសារព័ត៌មាន​ជាច្រើន​ស្នើសុំធ្វើបទសម្ភាសន៍​ បង្ហាញពី​វិធីសាស្ត្រដែលនាំឲ្យលោកជោគជ័យនៅក្នុងឆ្នាំ ២០១៤។
jack ma

នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Jack Ma បាននិយាយថា ៣ចំណុច ដែលនាំឲ្យ Alibaba ឬរូបលោកផ្ទាល់ជោគជ័យគឺ៖

០១) ជួយបុគ្គលិកដែលមានទេព្យកោសល និងមានជំនាញ

សហគ្រិនជោគជ័យភាពច្រើនតែងតែនិយាយដូចគ្នាថា ក្រុមហ៊ុនមួយជោគជ័យទៅបាន មិនមែនអាស្រ័យលើបុគ្គលិកម្នាក់នោះទេ ហើយ​ក៏​មិនមែនអាស្រ័យលើសហគ្រិនផ្ទាល់ដែរ ពោលគឺអាស្រ័យលើការជួយជ្រុំជ្រែងពីសំណាក់មនុស្សជាច្រើននៅក្នុងក្រុមហ៊ុន។ លោក Ma បាន​និយាយថា កាលពីលោក​មានបំណងចង់បង្កើតក្រុមហ៊ុន Alibaba ដំបូង លោកបានប្រមូលមិត្តភ័ក្តិ និងមនុស្ស​ដែល​ទុក​ចិត្តជាច្រើននាក់ ដើម្បីចូលរួមពិភាក្សា បង្កើតអាជីវកម្មឡើង ពេលនោះលោកគឺគ្រាន់តែជាមនុស្ស​ម្នាក់​ដែល​មាន​ជំនាញ​ភាសា​អង់គ្លេស​​ខ្លាំង​ជាគេប៉ុណ្ណោះ ចំណែកជំនាញផ្សេងៗគឺមិនមាននោះទេ។ លោកបានបន្តទៀតថា Alibaba គឺជាក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ ហើយរូបលោកចេះត្រឹម​តែ​ផ្ញើអ៊ីមេលប៉ុណ្ណោះ ដូច្នេះលោកត្រូវការអ្នកមានជំនាញដើម្បីជួយ។ រហូតមក​ដល់ពេល​សម្រេច​ចិត្ត​ចេញលក់ IPO លោក Ma បាន​បញ្ជាក់​ថា លោកបានជួលក្រុមអ្នកជំនាញជាច្រើនដើម្បីឲ្យជួយកិច្ចការនេះ ហើយជា​លទ្ធផល​គឺ​ជោគជ័យ​ពិតមែន។

០២) បង្ហាញការពិតគ្រប់យ៉ាង

ចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ ហើយក៏មានអ្នកវិនិយោគទុនក្នុងស្រុក ក្រៅស្រុកជាច្រើន ដូច្នេះដើម្បី​ទទួល​បាន​ជោគជ័យ និងឈ្នះលើក្រុមហ៊ុនផ្សេងៗទៀត លោក Ma បាននិយាយថា រាល់ផែនការ និងគម្រោងទាំងអស់លោកតែងតែបង្ហាញដល់​ក្រុមអ្នកវិនិយោគ ឲ្យដឹងឮ ហើយលោកក៏បានបង្ហាញនូវរបាយការណ៍ការភាគលាភជាសាធារណៈ។ ការធ្វើបែបនេះគឺជា​ការ​បង្ហាញ​ពីភាព​ស្មោះត្រង់ និងការផ្ដល់​ទំនុកចិត្ត ជាពិសេសគឺទាក់ទាញអារម្មណ៍អ្នកវិនិយោគ។

០៣) ផ្ដោតសំខាន់លើយុទ្ធសាស្ត្រ និងគោលបំណរបស់អ្នក

តើក្រុមហ៊ុនរបស់អ្នក ជាក្រុមហ៊ុនអ្វីដែរ? ហើយខ្លួនអ្នកដែលជាសហគ្រិននេះចង់ធ្វើអ្វី ហើយកំពុងតែធ្វើអ្វី? លោក Ma បាន​និយាយ​ថា Google, Facebook និង Amazon ពួកគេបានប្រជែងគ្នាលើដងវិថីអនឡាញ បើទោះបីជាពួកគេមានផលិតផល និង​សេវាកម្មខុស​គ្នា​ក្ដី ប៉ុន្តែការប្រជែងគ្នានោះ មិនសំដៅផលផលិតផល ឬសេវាកម្មទេ ពោលគឺសំដៅលើអតិថិជន។ លោក Ma បានបន្ថែម​ថា
លោក​ចង់ឲ្យមនុស្សទូទាំងពិភពលោកស្គាល់ Alibaba ដូច្នេះហើយលោកបានចំណាយលុយ ៤ពាន់លានដុល្លារអាមេរិក សម្រាប់​ធ្វើការ​ផ្សព្វផ្សាយពាណិជ្ជកម្ម និងរៀបចំឯកសារសម្រាប់លក់ IPO ព្រោះថា បើសិនជាគេមិនស្គាល់ Alibaba ផងនោះ តើ​លក់ IPO ធ្វើអ្វី ហើយ​មានមនុស្សប៉ុន្មាននាក់នឹងទិញ IPO របស់ Alibaba។ Jack Ma បានបង្ហាញពីចក្ខុវិស័យផ្ទាល់ខ្លួនថា លោក​នឹង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ទៅកាន់ទីផ្សារអឺរ៉ុប ហើយនឹងវាលុយអាជីវកម្ម​ផ្សេងៗ តាមតែអាចធ្វើទៅបាន បើសិនជាទិញភាគហ៊ុនមិនបាន ទិញ​យក​ក្រុមហ៊ុនទាំងមូល បើទិញយកមិនបាន ងាយមកសហការ៕

ប្រែសម្រួល និងដកស្រង់ចេញពី៖ Forbes

មតិយោបល់