ព័ត៌មានជាតិ

៣​ចំណុច ពី Mark Zuckerberg សម្រាប់​សហគ្រិន​ដែល​ចង់​ក្លាយខ្លួនជា​បុគ្គល​ជោគជ័យ​

​បើទោះបីជា Mark Zuckerberg ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Facebook មិន​មាន​លុយ​ច្រើន​ដូច Bill Gates មេ​ធំ Microsoft ក្ដី ប៉ុន្តែ​លោក​ក៏​ជា​កំពូល​មហាសេដ្ឋី​ដែលមាន​វ័យក្មេង​ជាងគេ​មួយ​រូប​ផង​ដែរ​។ ថ្មីៗ​នេះ​ទស្សនាវដ្ដី Times បាន​សម្ភាសន៍ Mark Zuckerberg ពាក់ព័ន្ធ​នឹង​ភាពជោគជ័យ ដែល​នាំឲ្យ​លោក​ក្លាយ​ជា​កំពូល​មហាសេដ្ឋី​វ័យក្មេង ដោយ​ក្នុង​នោះ Mark Zuckerberg បាន​ណែនាំ​នូវ​ចំណុច​ល្អ ៣​យ៉ាង​សម្រាប់​ជា​ចង្គៀង​បំភ្លឺ​ផ្លូវដល់​សហគ្រិន​ដែល​ចង់​កសាងខ្លួន​ឲ្យ​ជោគជ័យ​។​
Mark-Zuckerberg.
០១) ចំណង់​ចំណូលចិត្ត​
​ចាប់តាំងពី​វ័យក្មេង លោក Mark Zuckerberg បាន​ចូល​ចិត្ត​វិស័យ​បច្ចេកវិទ្យា រហូត​ដល់​លោក​ឈាន​ជើង​ចូល​មហា​វិទ្យា និង​ចាប់ផ្ដើម​បង្កើត Facebook គឺ​លោក​មាន​គោលបំណង​ធំ​មួយ​គឺ​ចង់​បង្កើត​អ្វី​ដែល​អស្ចារ្យ​សម្រាប់​ពិភពលោក និង​មនុស្ស​គ្រប់គ្នា​។ លោក Mark Zuckerberg បាន​និយាយថា “​ខ្ញុំ​ស្រឡាញ់​ផ្នែក​បច្ចេកវិទ្យា ហើយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ដើរ​លើ​ផ្លូវ​នោះ​ផងដែរ រហូតដល់​ខ្ញុំ​បង្កើត Facebook ឡើង​”​។ លោក​បាន​បន្តទៀតថា ចំណង់​ចំណូលចិត្ត​គឺជា​កត្តា​ធំ​បំផុត ដែល​ធ្វើឲ្យ​មនុស្ស​ជោគជ័យបាន បើ​គ្មាន​ចំណង​ចំណូលចិត្ត​ទេ នោះ​មិន​អាច​ឈាន​ដល់​ដំណាក់កាល​ជោគជ័យ​បាន​នោះ​ទេ​។​
០២) គោលដៅ​
​លោក Mark Zuckerberg បានបញ្ជាក់​ថា បើ​គ្មាន​គោលដៅ​នោះ​ទេ លោក​មិន​អាច​សម្រេចបាន​ល្អ​ដូច​ថ្ងៃនេះ​ដែរ​។ “​គោលដៅ​របស់​ខ្ញុំ​គឺ​បង្កើត Facebook ដើម្បី​ភ្ជាប់​មនុស្ស​ទូ​ទាំង​ពី​ភព​លោក​ឲ្យនៅ​ក្បែរ​គ្នា ហើយ​នឹង​ចែករំលែក​នូវ​អ្វី​ដែល​មាន​ឲ្យ​គ្នា​ទៅវិញទៅមក​”​។ នេះ​ជា​សំដី​របស់ Mark Zuckerberg បញ្ជាក់​ឲ្យដឹង​បន្ថែម​។ លោក​បាន​បន្តទៀតថា ក្រៅពី Facebook លោក​បាន​ចំណាយ​ពេលវេលា និង​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក ដើម្បី​នាំយក​អ៊ី​ន​ធើ​ណែ​ត​ទៅ​កាន់​តំបន់​ដែល​គ្មាន​អ៊ី​ន​ធើ​ណែ​ត​ប្រើ ដោយ​នេះ​ជា​គោលដៅ​របស់​លោក​មួ​យ​ផងដែរ ក្នុង​ការបង្កើត​ក្រុមហ៊ុន Internet.org ឡើង​។​
០៣) ភាពស្មោះត្រង់​
​ភាពស្មោះត្រង់ បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ទទួលបានភាព​ជោគជ័យ និង​កេរ្តិ៍​ល្អ មិន​សាបសូន្យ​។ ជាក់ស្ដែង លោក Mark Zuckerberg បាន​និយាយ​កាលពី Facebook មិនទាន់​ដំណើរការ​ដូច​សព្វថ្ងៃ​ថា លោក​នឹង​ចែក​ភាគលាភ​សម្រាប់​មនុស្ស​គ្រប់គ្នា​ទាំងអស់ ដែល​បាន​ជួយ​ដល់ Facebook មិន​ថា​អ្នក​នោះ​បាន​ជួយ​ក្នុង​វិធិ​សាស្ត្រ​ណា​ទេ ពោល​គឺ​ឲ្យតែ​មានចំ​ណែកចូលរួម លោក​នឹង​ផ្ដល់​ភាគលាភ​ឲ្យ​។ ក្រោយពេល Facebook បាន​ប្រកាស​លក់ IPO លោក Mark Zuckerberg បានចាប់ផ្ដើម​ចែក​ភាគហ៊ុន និង​លក់​ភាគ​ហ៊ុនឲ្យ​បុគ្គលិក​ក្នុងតម្លៃ​ទាប ព្រមទាំង​បាន​ផ្ដល់​ភាគលាភ​ផ្សេងៗ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នកវិនិយោគទុន​ភាគច្រើន​បាន​ចូល​ចិត្ត Facebook ជាង Google ក៏​ព្រោះតែ​ថា Facebook បានបង្ហាញ​ចក្ខុវិស័យ និង​គម្រោង​សម្រាប់​អនាគត​ដល់​អ្នកវិនិយោគ​ទាំងអស់ឲ្យ​បាន​ដឹង ពោល​គឺ​មិន​មាន​ការ​លាក់បាំង​ឡើយ​៕

​ដកស្រង់ និង​ប្រែ​សម្រួល​ពី​៖ Business Insider​

មតិយោបល់