ព័ត៌មានជាតិ

ភ្លើងស្តុប​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ដាច់​ចរន្ត​ជាង​មួយ​ខែ​មក​ហើយ​នោះ នៅ​មិនទាន់មាន​ជំនាញ​ណា ទៅ​ជួសជុល​ទ្បើង​វិញ​ទ្បើយ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​និយាយ​រិះគន់​ទៅ​អគ្គីសនី​ខេត្ត​ថា អត់​អើពើ និង​មិន​យកចិត្តទុកដាក់ ចំពោះ​ភ្លើង​សញ្ញា​ចរាចរណ៍ គ្រា​ដែល​ភ្លើងស្តុប ដាច់​ជាង​មួយ​ខែ​មក​ហើយ​នោះ ហើយ​ការ​ចរាច​រណ៍ ឆ្លងកាត់​ប្រកបដោយ​ហានិភ័យ ។​
​ភ្លើងស្តុប​មួយ​នេះ ស្ថិតនៅ​ផ្លូវ​កែង​បំបែក​ជា​បួន រវាង​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥៦ ក្នុង​ភូមិ​សង្កាត់ កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ដាច់​ភ្លើង​សញ្ញា​ចរាចណ៍​ជា​ច្រើន​ថ្ងៃ ធ្វើអោយ​គ្រប់​មធ្យោបាយ​អ្នកធ្វើ​ដំណើរ​លំបាក​ឆ្លងកាត់ ។​
​ឆ្លើយតប​កា​រិះគន់​នេះ មន្ត្រី​អគ្គីសនី​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់ឲ្យដឹង​ថា ខ្លួន​មិន​បាន​គ្រប់គ្រង​ភ្លើងស្តុប នៅ​ទីតាំង​ខាងលើ​នោះ​ទេ ព្រោះ​ខេត្ត​បាន​ប្រគល់​ទៅឲ្យ​មន្ទីរ​ផ្សេង ជា​អ្នក​គ្រប់​និង​ជួល​ជល ។​
​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ និង​ដឹក​ជ​ញូន​ខេត្ត បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ២០១៥ ថា លោក​ត្រូវបាន​ខេត្ត ប្រគល់​អោយ​គ្រប់គ្រង​ភ្លើង​សញ្ញា​ចរាចរ​នៅ​ស្តុប​នេះ តែ​ត្រូវ​ខូចខាត​ជួសជុល​ជា​បន្តបន្ទាប់ ហើយ​លោក​បាន​កម្មង់​សំភា​រះ សម្រាប់​ជួសជុល​លើក​នេះ ដែល​ត្រូវ​ចំនាយ​ថវិការ​ផ្ទាល់ខ្លួន​ជាង​១​លាន​៥​សែន​រៀល តែ​សម្ភា​រះ​ទាំងនេះ មិន​ទាន់​មកដល់ និង​នៅ​មិន​ទាន់​រក​រថយន្ត​បច្ចេកទេស មក​ភ្ជាប់​បាន​។​
​សូមបញ្ជាក់​ថា នៅក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​ភ្លើងស្តុប​តែមួយគត់ ដែល​កើតឡើង​ក្នុង​អណត្តិ ឯកឧត្ដម អ៊ុង អឿន អភិបាលខេត្ត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក​ចរាចណ៍ នៅ​ផ្លូវបែក​ជា​៤​នេះ ហើយ​ភ្លើង​សញ្ញា​ចរាចរណ៍ ធ្លាប់​បាន​ដាច់​ភ្លើង​សញ្ញា​ចរាចណ៍ ហើយ​ក៏​ត្រូវ​ជួសជុល​វិញ​ភ្លាមៗ​ផងដែរ តែ​ដាច់​ភ្លើង​សញ្ញា​ចរាច​លើក​នេះ មាន​រយះ​យូរ មិនទាន់​ឃើញ​មាន​អគ្គីសនី​ខេត្ត ឬ​ជំនាញ​ណា​ចេញមុខ​ជួស​ជល់​នៅឡើយ ៕

2015-02-12_094505

មតិយោបល់