ភ្នំពេញ៖ ក្នុងភោជនីយ ដ្ឋាន អូប៉េរា តាមបណ្ដោយ ផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ម្សិលមិញនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយមន្ត្រីអ្នកមុខអ្នកការ បានផ្ដល់អំណោយ និងថវិការផ្ទាល់ខ្លួន ជូនដល់ តារាចម្រៀង អ៊ុំ គន្ធា ដែលកំពុងតែជួបប្រទះនូវការ ខ្វះខាតខ្លាំង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចមានផ្ទុកមេរោគអេដស៍ នៅក្នុងខ្លួនផងដែរ ។
ពិតជារំភើបរីករាយណាស់ដែលបាន ឃើញវត្តមាន តារាសម្ដែង តារាចម្រៀងប្រុសស្រី ជាច្រើនដួងចូលរួមក្នុងថ្ងៃនេះ ។ ជាពិសេសការផ្ដល់កិត្តិយសដ៏ វិសេសវិសាល របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចូលរួមជាមួយអ្នកសិល្បៈទាំងអស់ ដែលឯកឧត្តមតែងតែខ្វល់ខ្វាយ ពីសុខទុក្ខ របស់សិល្បករ- សិល្បការិនី ពេលជួបនូវការខ្វះខាត និងគ្រាលំបាក ជាដើម។ នេះជាសម្តីរបស់ លោក អ៊ឹម ជីវ៉ា ជាអ្នកផ្ដួចផ្ដើម រៀបចំកម្មវិធីនេះឡើង ។
ក្នុងនោះរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងកោតសរសើរ លោក អ៊ឹម ជីវ៉ា ជាអ្នកសិល្បៈមួយរូប ដែលចេះបង្កើតកម្មវិធី ជួបជុំអ្នកសិល្បៈគ្រប់ជំនាន់ ដើម្បីស្វែងរកថវិកា ឬបង្កើតមូលនិធិជួយដល់ អ្នកសិល្បៈដែលខ្សត់ខ្សោយ ហើយលោកចង់ឲ្យមាន កម្មវិធីជួបជុំនេះ ជារៀងរាល់ឆ្នាំ ដើម្បីជាកម្លាំងចិត្តមួយ ដល់អ្នកសិល្បៈគ្រប់ជំនាន់ ឲ្យចេះតស៊ូក្នុងជីវិត។ ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បានថ្លែងផ្ដល់កម្លាំងចិត្ត ដល់តារាចម្រៀង អ៊ុំ គន្ធា ឲ្យចេះតស៊ូ ក្នុងជីវិតរស់នៅ កុំអស់សង្ឃឹម ដោយលោកចាត់ទុកថា ជំងឹអេដស៍សព្វថ្ងៃ ជាជំងឺធម្មតាទៅហើយ របស់ពិភពលោក ព្រោះបច្ចុប្បន្ននេះ ជំងឺអេដស៍ មានថ្នាំពន្យាជីវិត និងអាចរស់ប្រកបការងារបាន ដូចមនុស្សធម្មតា អ្វីសំខាន់ គឺយើងត្រូវចេះថែរក្សាសុខភាព ក្នុងការរស់នៅឲ្យបានល្អ ជាការប្រសើរហើយ។
ទិដ្ឋភាពបែបនេះ វាជាទិដ្ឋភាពដ៏កម្រ បានឃើញ ដែលតារាខ្មែរ ជួបជុំគ្នា ជួយរំលែក ដល់តារាដែលកើតរោគអេដស៍ អ្នកនាង អ៊ុំ គន្ធា ។ ជាមួយនឹងទិដ្ឋភាពបែបនេះ អ្នកនាង អ៊ុំ គន្ធា បានថ្លែងឲ្យដឹងទាំងទឹកភ្នែក រលីងរលោងថា នាងពិតជារំភើបចិត្ត រកអ្វីនិយាយមិនចេញទេ នៅពេលដែលអ្នកសិល្បៈទាំងអស់គ្នា មិនបានរើសអើងនាង ដែលជាអ្នកផ្ទុកមេរោគអេដស៍ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ឯកឧត្តម ខៀវ កាញារីទ្ធ និងអ្នកសិល្បៈទាំងអស់ នូវសណ្ដានចិត្តដ៏ល្អ មិនអាចកាត់ថ្លៃបាននៅពេលនេះ។
នៅខាងក្រោមនេះដែរ ជាទិដ្ឋភាព ដែលតារាជាច្រើនបានចូលរួម” ញ៉ាំបាយសាមគ្គឺ ” ៖
មតិយោបល់