ព័ត៌មានជាតិ

៥ចំណុច​ ដើម្បី​ក្លាយ​ជា​មេ​ដឹក​នាំ​ដ៏​ល្អ​

ធ្វើជាអ្នកដឹកនាំគេម្នាក់ មិនមែនជារឿងងាយស្រួលនោះទេ គឺត្រូវលុតដំខ្លួនឯង និងត្រូវឆ្លងកាត់បទពិសោធន៍ជាច្រើននៅក្នុង​ជីវិត​ការងារ និងផ្ដល់ខ្លួន ជាពិសេសគឺទាំងផ្លូវកាយ និងចិត្ត។

leader

ខាងក្រោមនេះគឺជា​ដំបូន្មាន ៥យ៉ាង ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អ៖

០១) ការតស៊ូ
មនុស្សម្នាក់ៗត្រូវតែមានការតស៊ូ និងមានក្ដីសង្ឃឹមជានិច្ច ទើបឈានដល់​ភាពជោគជ័យ និងសម្រេចបាននូវគោលដៅរបស់ខ្លួន។ ការលុតដំផ្លូវកាយ មិនគ្រប់គ្រាន់នោះទេ ត្រូវលុតដំផ្លូវចិត្តថែមទៀត បើមិនដូច្នេះទេគឺ​មិន​អាចដោះស្រាយបញ្ហា​ដែលកើត​មាន​នៅ​ចំពោះមុខបាននោះទេ។ លោក Bill Gates ស្ថាបនិក Microsoft និងជាមហាសេដ្ឋី ដែល​មានលុយច្រើនជាងគេ បាននិយាយថា នៅពេលដែលបុគ្គលិកក្រោមឱវាទ​ធ្វើអ្វីមួយខុស មិនត្រូវស្ដីបន្ទោស​ភ្លាមនោះទេ ត្រូវតែសង្កេតមើលថា គាត់មានបញ្ហាអ្វីមួយ​នៅ​ក្នុង​គ្រួសារ ឬជាមួយមិត្តរួមការងារដែរ ឬអត់? ហេតុផលដែលលោកលើកយក​ចំណុចនេះមកនិយាយថា ព្រោះថា លោកក៏ធ្លាប់ត្រូវបាន​គេស្ដីបន្ទោស ខណៈពេលលោកកំពុងសិក្សា ហើយអារម្មណ៍បែបនោះគឺ​លោកចាំច្បាស់។ ការតស៊ូ ជាកត្តាដ៏សំខាន់មួយក្នុងការ​ជំរុញឲ្យ​មនុស្សម្នាក់ ឈានទៅរក​ចំណុចជោគជ័យ ដូចពាក្យស្លោក​ខ្មែរ​មួយ​ឃ្លាបានពោលថា “តស៊ូ គង់បានសម្រេច”។

០២) ស្វែងរកមិត្តភាពស្មោះត្រង់
ទំនាក់ទំនងគឺជារឿងសំខាន់ ប៉ុន្តែភាពស្មោះត្រង់នឹងគ្នាក៏ជារឿងសំខាន់មួយផងដែរ បើសិនជា​សម្រេចចិត្តដើរនៅលើ​ផ្លូវតែមួយ​ជាមួយ​គ្នា​ហើយនោះ ត្រូវតែស្មោះត្រង់។ ធ្វើជាអ្នកដឹកនាំគេម្នាក់ ភាពស្មោះត្រង់ជារឿងសំខាន់ បើមិនស្មោះត្រង់ទេ នោះ​អ្នក​នៅ​ក្រោមឱវាទ នឹងលែងស្ដាប់បង្គាប់ ហើយដើរចោលជាមិនខាន ព្រោះគេគិតថា ធ្វើការជាមួយមនុស្សមិនស្មោះត្រង់គឺគ្មានផ្លូវល្អ​សម្រាប់​អនាគតទេ។ ទំនាក់ទំនងរវាងអ្នកដឹកនាំ និងបុគ្គលនៅក្រោមឱវាទ ជារឿង​មួយខុសពីមិត្តភាពរវាងមិត្តភ័ក្តិ ព្រោះថា អ្នកដឹកនាំ និង​បុគ្គលនៅក្រោម​ឱវាទ ជាមនុស្សពីរនាក់ដើរនៅលើផ្លូវតែមួយ បើសិនជាមានមួយមិនស្មោះត្រង់នោះនឹង​មិន​អាច​ទៅដល់គោលដៅទេ។

០៣) រៀនដោះស្រាយបញ្ហា
ធ្វើជាអ្នកដឹកនាំល្អម្នាក់ត្រូវតែប្រឈមមុខនឹងបញ្ហាខ្ពស់ ដោយសារតែត្រូវរាប់រង់នូវបញ្ហាជាច្រើន បើទោះបីជាបញ្ហានោះជាមិនមែន​ជាកំហុសរបស់ខ្លួនក៏ដោយ។ នៅពេល​ថ្នាក់ក្រោមកើតមានបញ្ហាអ្វីមួយ អ្នកដឹកនាំល្អ ត្រូវតែចេញមុខដោះស្រាយ មិនមែន​ឈរ​ចង្អុយដោយបុគ្គលនៅក្រោមឱវាទដោះស្រាយ ហើយខ្លួនឯងអង្គុយចាំស្ដាប់ ឬយកផលចំណេញនោះទេ ជាអ្នកដឹកនាំដ៏ល្អ ត្រូវ​តែដើរនាំមុខកូនចៅជានិច្ច និងត្រូវចេះការងារកូនចៅ មិនមែនចាំតែបញ្ជានោះទេ។

០៤) ចូលរួមសកម្មភាពពេញលេញ
មិនបានផ្ដោតទៅលើកម្មវិធីជប់លៀង ឬកម្មវិធីសប្បាយៗនោះទេ ប៉ុន្តែផ្ដោតទៅលើសកម្មភាព​ការងារជាក្រុម។ អ្នកដឹកនាំល្អ ត្រូវតែចូលខ្លួននៅក្នុងការងារ បើទោះបីជាការងារនោះត្រូវបានប្រគល់ដល់​អ្នកដទៃក្ដី ប៉ុន្តែត្រូវដឹកថា គម្រោង ឬផែនការនោះ​បាន​ឈានដល់​ចំណុចណាហើយ តើវាមានបញ្ហាអ្វីកើតឡើង។ ត្រូវចាំថា កូនចៅមានអារម្មណ៍សប្បាយរីករាយបំផុតនៅពេល​ឃើញ​អ្នកដឹកនាំរបស់ខ្លួន​ចូលរួមនៅក្នុងសកម្មភាពការងារ បើទោះបីជាមិនបានធ្វើអ្វីក៏ដោយ។

០៥) រៀនបន្ថែមពីភាពជាអ្នកដឹកនាំ
នៅពេលដែលអ្នកកំពុងតែដឹកនាំគេនោះ អ្នកមិនបានដឹងទេថា ទង្វើ ឬសកម្មភាពរបស់អ្នកត្រូវ ឬខុស និងម្យ៉ាងទៀត អ្នក​មិន​អាច​ដឹងថា ការដឹកនាំដោយជោគជ័យទាំងស្រុងនោះ ត្រូវការបទពិសោធន៍ និង​ចំណុចសំខាន់អ្វីខ្លះទេ។ អ្នកជោគជ័យ និង​អ្នក​ដឹកនាំល្អភាគច្រើន សុទ្ធតែបានណែនាំឲ្យអានសៀវភៅ ព្រោះថា ចំណេះវិជ្ជាគ្មានព្រំដែន អានច្រើន ចេះច្រើន ជាក់ស្ដែង លោក Bill Gates បាននិយាយថា ក្នុងមួយថ្ងៃ លោកចំណាយពេលអានសៀវភៅយ៉ាងតិច ១ម៉ោង ទៅ២ម៉ោង ចំណេក លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook វិញបានបង្ហាញពីគោលបំណងរបស់លោក អានសៀវភៅឲ្យបានច្រើនមុខបំផុត​នៅ​ក្នុងឆ្នាំនេះ៕

មតិយោបល់