ព័ត៌មានជាតិ

ល្បែង​ហ្គេម​ផ្សេងៗ​ក្នុង​ក្រុង​បាត់ដំបង​ថយចុះ​តែ​ហ្គេម​បាញ់​ត្រី​កើន​ឡើង​ខ្លាំង​

បាត់ដំបង​៖ ក្រោយពី​មាន​ការបង្ក្រាប​ជា​បន្តបន្ទាប់​របស់​កំលាំង​សមត្ថកិច្ច​ទៅ​លើ​ល្បែង​ហ្គេម​រួចមក​គេ​សង្គេតឃើញថា ល្បែង​ទាំងនេះ​មាន​ការថយចុះ​គួរអោយកត់សំគាល់ ផ្ទុយទៅវិញ​នៅពេល​ថ្មីៗ​នេះ​ស្រាប់តែ​ល្បែង​ហ្គេម​បាញ់​ត្រី​បាន​បង្ហាញខ្លួន​ព្រោងព្រាត​នៅតាម​ទីកន្លែង​លាក់លៀម ដោយ​ល្បែង​នេះ​អាច​ទាក់ទាញ​អារម្មណ៍​អ្នកលេង ពិសេស​គឺ​សិស្សានុសិស្ស​អាច​គេច​មិន​ព្រម​ចូល​សាលា​ដោយ​សារ​ល្បែង​នេះ​ហើយ​ល្បែង​នេះ​គឺ​គេ​បើក 24 ម៉ោង​លើ 24 ម៉ោង​ថែមទៀត​ផង ។​
បច្ចុប្បន្ន​ក្នុង​ក្រុង​បាត់ដំបង​ទាំងមូល​គេ​សង្គេតឃើញថា​មាន​ល្បែង​ជាច្រើន​ដែល​បាន​បង្ហាញ​ខ្លួន​ដូចជា ល្បែង​ចាក់បាល់ ល្បែង​ហ្គេម ល្បែង​ឆ្នោត ល្បែងភ្នាល់​កីឡាប្រដាល់ និង​ល្បែង​ថ្មី​ចុងក្រោយ​នេះ​គឺ​ល្បែង​បាញ់​ត្រី ត្រូវ​បាន​ផុស​ព្រោងព្រាត​ហាក់បីដូចជា​មាន​ច្បាប់​ទំ​លាប់​ត្រឹមត្រូវ​យ៉ាង​ដូច្នេះ​ដែរ​ប៉ុន្តែ​បើ​តាម​ការរៀបរាប់​ពី​ប្រភព​មួយចំនួន ពិសេស​គឺ​មេ​ល្បែង​ទាំងនោះ​បាន​អោយដឹងថា​ប្រការ​ដែល​ធ្វើអោយ​ពួក​គេ​បើក​ល្បែង​ទាំងនេះ​បាន គឺ​ដោយសារតែ​មាន​មន្ត្រី​កងរាជអាវុធហត្ថ​និង​មន្ត្រី​ប៉ូលីស​មួយចំនួន​បាន​ចុះ​ទៅ​ចរចារ​ដាក់​ខែ​គ្រប់​ទីកន្លែង​ទាំងអស់ ដូច្នេះហើយ​ទើប​ធ្វើអោយ​​ពួកគេ​មិន​សូវ​ខ្លាច​ក្នុង​ការបង្ក្រាប​ឡើយ ព្រោះ​គេ​បាន​បង់​លុយ​អស់​ហើយ ។​
ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា អ្នក​ដែល​ចុះ​ទៅ​យកលុយ​ដាក់​ខែ​នោះ​គឺ​មាន​សមត្ថកិច្ច​ខេត្ត​
ជាច្រើន​ផ្នែក​ដែល​ពាក់ព័ន្ធ​គ្រាន់តែ​តំលៃ​ទាប​តែប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​លោក​យឹម វិចិត្រ អធិការនគរបាល​
ក្រុង​បាត់ដំបង​ទើប​ជា​អ្នក​ជាន់ក ដកស្លាប​តែម្តង ដូច​ជា​មេ​ល្បែង​ចាក់បាល់​គេ​ហ៊ាន​កំណត់​មួយ​កន្លែង​
រហូតដល់ 200 ដុល្លារ​ឯណោះ នេះ​មិន​រាប់​ល្បែង​ផ្សេងៗ​ទៀតផង​ដែល​គេ​បាន​ចរចា​រដាក់​ខែ​ទាំងអស់​។​
គួរបញ្ជាក់​ថា ហ្គេម​បាញ់​ត្រី​គឺជា​ប្រភេទ​ល្បែងស៊ីសង​មួយ​ដែល​បោះ​លុយ​ទៅវិញទៅមក​
និង​ស៊ីសង​ទៅ​តាម​ពិន្ទុ​ឈ្នះ​ឬ​ចាញ់ ហើយក៏​ជា​ល្បែង​មួយ​អារ ក ស្រស់ៗ​ថែមទៀត​រហូត​ធ្វើអោយ​
អាណាព្យាបាល​សិស្ស​មួយចំនួន​បញ្ចេញ​នូវ​ប្រតិកម្ម​យ៉ាងខ្លាំង​ផង​ដែរ​ដោយសារ​តែ​ការ​ពង្វក់ស្មារតី​
​មិនអោយ​កូន​របស់​គាត់​បាន​ចូល​សាលារៀន​។​
រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​គេ​សង្គេត​ឃើញ​មាន​បទបញ្ជា​ថ្មី​មួយ​ចេញ​ពី​ការិយាល័យ​ជំនាញ​
​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្តីពី​ការចុះ​ស្រង់​ស្ថិតិ​នៃ​ចំនួន​ទីតាំង​របស់​ល្បែង​គ្រប់​ប្រភេទ​នៅក្នុង​
ក្រុង​បាត់ដំបង ក្នុង​នោះ​ផង​ដែរ​ក៏​មាន​ទីតាំង​មួយចំនួន​បាន​បញ្ចេញ​នូវ​កាយវិការ​មិន​ខ្លាចរអារ​ដល់​
សមត្ថកិច្ច​ណា​មួយ​ឡើយ ព្រោះ​គេ​យល់​ថា​ពួកគេ​បាន​បង់លុយ​ប្រចាំ​ខែ​រួចរាល់​អស់​ហើយ​ដល់​
ជំនាញ​គ្រប់​ផ្នែក ដូច្នេះ​អ្វី​ក៏​គេ​មិន​ខ្វល់​ដែរ​។​
ពាក់ព័ន្ធ​នឹង​ឈ្មោះ​មន្ត្រី​ប៉ូលីស​មួយចំនួន​ដែល​បាន​ដើរ​យក​លុយ​ដាក់​ខែ​នេះ​លោក ម៉េង លៀង​
នាយ​ការិយាល័​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​លើកឡើ​ង​ថា រឿង​ទាំងអស់នេះ​គឺ​គ្មាន​ពាក់ព័ន្ធ​នឹង​រូប​
លោក​ឡើយ គឺ​លោក​ដឹង​តែ​រឿង​បង្ក្រាប​តែប៉ុណ្ណោះ ហើយ​លោក​ក៏​គ្មាន​សិទ្ធិ​អនុញ្ញាតិ​អោយ​ទីតាំង​
​ណា​មួយ​បើ​កលែង​ល្បែង​ទាំង​នេះ​ដែរ គឺ​ដាច់ខាត​លោក​មិន​អនុញ្ញាតិ​ឡើយ ។​
ដោយឡែក​លោក​វរ​:​សេនីយ៍​ឯក ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ការងារ​យុត្តិធ៌ម​បាន​សង្កត់ធ្ងន់​
ទៅ​លើ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដែល​ជា​គោល​ការ​សំខាន់​របស់​សមត្ថ​កិច្ច​
ដូច្នេះ​បើ​តាម​គោល​ការ​របស់​លោក​ស្នងការ គឺ​ដាច់ខាត​ត្រូវតែ​បង្ក្រាប ដូច្នេះ​ជា​គោល​ការ​របស់​កំលាំង​
​ដែល​ចុះ​ទៅ​ស្រង់​ស្ថិតិ​គឺ​ត្រូវ​អម​ទៅ​ជាមួយ​នូវ​ឯកសារ​សំរាប់​អោយ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ធ្វើ​កិច្ចសន្យា​
ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​ទាំងអស់​ខាងលើ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ​លោក​នឹង​សុំ​គោល​ការ​ទៅ​
លោកស្នងការ​ដើម្បី​ធ្វើការ​បង្ក្រាប​បើទោះបីជា​មាន​មន្ត្រី​ប៉ូលីស​ណា​ម្នាក់​ចុះទៅ​ប្រមូល​លុយ​ដាក់​ខែ​
ក៏​ដោយ​គឺ​ទុក​អោយ​គេ​ជា​អ្នកទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​ទៅ​ចុះ ហើយ​លោក​ក៏​ទទួលស្គាល់​ដែរ​
អំពី​ការថយចុះ​របស់​ល្បែង​ហ្គេម និង​ការកើនឡើង​របស់​ហ្គេម​បាញ់​ត្រី​នេះ​។​
រាល់​ពាក្យ​សំដី​ទាំងនេះ​ក៏​មាន​ប្រភព​ជាច្រើន​កំពុង​រង់ចាំ​មើល​ថា​តើ​សមត្ថកិច្ច​អាច​លុបបំបាត់​
បាន​ដែរឬទេ​?​បើ​បច្ចុប្បន្ន​វា​ហាក់បីដូចជា​ទឹកបាក់​ទំនប់​យ៉ាង​ដូច្នេះ​ដែរ​អំពី​ល្បែង​ទាំងនេះ​ដែល​កំពុង​
តែ​វាយលុក​យ៉ាង​ខ្លាំង​នៅក្នុង​ក្រុង​បាត់ដំបង ហើយ​ប្រភព​ទាំង​នោះ​កំពុងតែ​ចោទសួរ​ថា តើ​លោក​ស្នងការ​
បានដឹង​ដែរ​ឬទេ​រាល់​ទង្វើ​ក្នុង​ការដើរ​ប្រមូល​លុយ​របស់​លោក យឹម វិចិត្រ អធិការ​នគរបាល​ក្រុង​បាត់ដំបង​
នា​ពេលកន្លងមក និង​បច្ចុប្បន្ននេះ​? ៕​
Battambang

មតិយោបល់