ភ្នំពេញ៖ ក្រុមហ៊ុនឯកជនចំនួន០៣ បានត្រៀមខ្លួនចូលទីផ្សារមូលបត្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុនពីរបានបោះផ្សាយសន្លឹកភាគហ៊ុនលក់ នៅក្នុងទីផ្សារមូលបត្រកម្ពុជាក្នុង រយៈពេល ០៣ឆ្នាំកន្លងមកនេះ។
ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារ មូលបត្រកម្ពុជាបានបញ្ជាក់កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ថា ក្រុមហ៊ុនទាំងបីនេះបានត្រៀមខ្លួនរួចជាស្រេចហើយ ប៉ុន្តែចំពោះក្រុមហ៊ុន TY Feshion Cambodia មកពីកោះតៃវ៉ានដែលកំពុងវិនិយោគលើវិស័យកាត់ដេរនឹងប្រកាសពីការចុះបញ្ជីផ្លូវការ នៅពេលឆាប់ៗនេះ គឺបន្ទាប់ពីទទួលបានការអនុញ្ញាតបោះផ្សាយពីគណៈកម្មការមូលបត្រកម្ពុជានោះ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងថា រយៈពេលជិត៣ឆ្នាំមកនេះ ទំហំជួញដូរប្រចាំថ្ងៃ នៃផ្សារមូលបត្កម្ពុជានៅមានកម្រិតទាបនៅឡើយ បើធៀបនឹងទីផ្សារមូលបត្រផ្សេងៗទៀតក្នុងតំបន់ ដោយសារកម្ពុជាទើបតែមានការចូលរួមពីក្រុមហ៊ុនបោះផ្សាយមូលបត្រចំនួន២ប៉ុណ្ណោះ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនហ្គ្រេនធី្វនអ៊ីនធឺណាស៊ិនណល់។
ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានបង្ហាញឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥នេះ មានក្រុមហ៊ុនចំនួនបីទៀតត្រៀមចុះបញ្ជីចូលក្នុងទី ផ្សារមូលបត្រកម្ពុជា ដែលអាចឈានទៅបោះផ្សាយសន្លឹក ហ៊ុនជួញដូរនៅពេលឆាប់ៗនេះ ក្នុងនោះមានក្រុមហ៊ុន TY Feshion Cambodia អង្គភាពកំពង់ផែស្វយ័ត ក្រុងភ្នំពេញនិងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ផ្សារមូលបត្រកម្ពុជាបានចាប់ផ្តើមដាក់ឲ្យដំណើរការជួញដូរសន្លឹកភាគហ៊ុនជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ដែលរហូតមកទល់ពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានដាក់លក់ភាគហ៊ុនចំនួន ១៣លានសន្លឹក ស្មើនឹង១៥% នៃមូលធនសរុបរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ៕
មតិយោបល់