រដ្ឋាភិបាលជប៉ុន បានផ្ដល់ប្រាក់កម្ចីការប្រាក់ទាបប្រមាណជា ១៦០លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលប្រាក់កម្ចីនេះ ភាគផ្នែកមួយនៃប្រាក់កម្ចីប្រទេសជាសមាជិកតំបន់ទន្លេមេគង្គ។
យោងតាមការចុះផ្សាយរបស់កាសែតក្យូដូបានឲ្យដឹងថា ប្រាក់កម្ចីនេះនឹងត្រូវយកទៅកែលម្អផ្លូវជាតិធំសម្រាប់បង្កើនសមត្ថភាព និងប្រសិទ្ធភាពដឹកជញ្ជូននៅក្នុងប្រទេសជាសមាជិកតំបន់ទន្លេមេគង្គ ក្នុងនោះមានផ្លូវជាតិលេខ ៥ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ព្រំដែនថៃ។
នៅក្នុងកិច្ចប្រជុំមួយជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន នៅទីក្រុង Sendai ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា «តាមរយៈការវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធនេះជប៉ុនចង់រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងការតភ្ជាប់ជាមួយនឹងប្រទេសជិតខាង និងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព» នេះបើយោងតាមក្រសួងការបរទេសជប៉ុន៕
មតិយោបល់