បាត់ដំបង: ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានស្រុកភ្នំព្រឹកតាមប្រមាញ់និងឃាត់ខ្លួនបានកាលពីថ្ងៃទី 24 ខែមេសាឆ្នាំ2015 វេលាម៉ោង 4,35 នាទីល្ងាច ត្រង់ចំនុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណ:ដែលមុខសញ្ញារូបនេះកំពុងដឹកនាំគ្រឿងញៀនទៅប្រគល់អោយមុខសញ្ញាម្នាក់ទៀត។លោកសារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹកបានគូសបញ្ជាក់ថា នៅមុនពេល ចុះប្រតិបត្តិការលោកបានទទួលព័ត៌មានដែលពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ទើបលោកបានចាត់កំលាំងចុះភ្លាមៗទៅកាន់ចំនុចខាងលើ ក៏បានប្រទះឃើញមុខសញ្ញាតាមភិនភាគដែលបានកំណត់ ដោយគេកំពុងជិះម៉ូតូមួយគ្រឿងម៉ាកDream ធុនC125 ពាក់ស្លាកលេខ បាត់ដំបង 1G 4416 ក៏បានធ្វើការឃាត់ខ្លួនយកមកកាន់អធិការដ្ឋានដើម្បីឆែកឆេរនិងសាកសួរ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ប៉ិច បូរាណ ភេទប្រុស អាយុ 38 ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មិនបានបង្ហាញនូវវត្ថុតាងដែលគេបានលាក់ទុកនៅក្នុងខ្លួនឡើយដោយគេគិតថាប្រហែលជាមិនអាចរកឃើញឡើយ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចាប់ដោះខោ អាវក៏ប្រទះឃើញគ្រឿងញៀនមួយកញ្ចប់ដែលជនសង្ស័យបានបិតស្កុតជាប់នៅពីលើថ្ងាស់លឹង្គ ដោយ ស្លៀកលីអូបិតជិតពីខាងក្រៅ គឺជាលទ្ធផលពេលដែលស្រាយកញ្ចប់នោះមើលក៏ឃើញមានគ្រឿងញៀន ប្រភេទយ៉ាម៉ាចំនួន 50 គ្រាប់ព្រមទាំងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួនមួយកូនថង់តូច។ ក្រោយពីរកឃើញគ្រឿងញៀនទើបជននេះបានសារភាពថា ថ្នាំទាំងអស់នេះគឺខ្លួនបានទិញ ពីឈ្មោះភាន សុភីន ភេទស្រី អាយុ 33 ឆ្នាំរស់នៅក្នុងភូមិ ឃុំជាមួយគ្នា ដោយយ៉ាម៉ាមួយគ្រាប់ តំលៃ 9 ពាន់រៀល និងម៉ាទឹកកកមួយកូនថង់តំលៃ 5 ម៉ឺនរៀល ដោយយកទៅប្រគល់អោយមនុស្សម្នាក់ដែលមិនស្គាល់អត្តសញ្ញាណនៅក្នុងស្រុកសំពៅលូន។បន្ទាប់ពីទទួលបានចំលើយសារភាពរួចមក សមត្ថកិច្ចស្រុកភ្នំព្រឹកបានរៀបចំឯកសារដើម្បីបញ្ជូនខ្លួនព្រមទាំងវត្ថុតាងដែលមានគ្រឿងញៀន និងម៉ូតូមួយគ្រឿងទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងចាត់ការទៅតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់