សៀមរាប ៖ឧបទ្ទវហេតុគ្រោះថ្នាក់ធម្មជាតិ ( ខ្យល់កន្ទ្រាក់ ) ដែលបណ្តាលឲ្យបាក់បង្គោលតង់ស្យុងខ្ពស់ របស់ក្រុមហ៊ុន CTPL បញ្ជូនឋាមពលអគ្គីសនីពីខេត្តបន្ទាយមានជ័យ មកកាន់ខេត្តសៀមរាប អស់ចំនួន ២៧បង្គោល កាលពីល្ងាចថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥នោះ ត្រូវបានជួសជុល តម្លើងបង្គោលថ្មី និងបានដំណើរការតភ្ជាប់ខ្សែបណ្តាញ បញ្ជូនចរន្តអគ្គីសនី បានប្រើប្រាស់ក្នុងខេត្តសៀមរាប ជាធម្មតាវិញហើយ នៅវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃទី២៦ ខែមេសានេះ ។ លោក ប្រាំង ជលសា អគ្គនាយករងអគ្គីសនីកម្ពុជា ទទួលបន្ទុកផែនការ និងបច្ចេកទេស បានឲ្យដឹងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍មួយ ជាមួយអ្នកយកព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែមេសា នៅអនុស្ថានីយ៍អគ្គីសនីខេត្តសៀមរាប ( ស្រុកពួក ខាងលិចក្រុងសៀមរាប ) ។
លោក ប្រាំង ជលសា ដែលមានវត្តមាននៅក្នុងប្រតិបត្តិការជួសជុលតម្លើងបង្គោលតង់ស្យុងថ្មីនោះ បានបន្ថែមឲ្យដឹងថា បើតាមទំហំនៃការខូចខាត ក្រុមអ្នកបច្ចេកទេសបានវាយតម្លៃថា ការជួសជុលនេះនឹងអាចប្រើប្រាស់រយៈពេលពី៥ ទៅ ៧ថ្ងៃ ក៏ប៉ុន្តែអាស្រ័យដោយមានមូលដ្ឋានសម្ភារៈគ្រប់គ្រាន់ គ្រឿងចក្រ និងកម្លាំងបច្ចេកទេស មានឆន្ទៈឈរលើជំហរនៃការគិតគូរខ្ពស់ ចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលមិនអាចខ្វះបាន ការប្រើប្រាស់ឋាមពលអគ្គីសនីនោះ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយការប្រមូលផ្តុំកម្លាំងអ្នកបច្ចេកទេស មកពីបណ្តាខេត្តនានាផងដែរ ប្រមាណជាង ២៦០នាក់ ធ្វើការទាំងយប់ទាំងថ្ងៃ ដោយសម្រេចបានលទ្ធផលល្អប្រសើរក្នុងរយៈពេល ៨៥ម៉ោង គឺ ៣ថ្ងៃ និង ៤យប់ ប៉ុណ្ណោះ គឺសម្រេចមុនផែនការដែលបានគ្រោងទុក។ លោកបានប៉ាន់ស្មានលើការខូចខាតនេះថា វាជាការរងគ្រោះធំជាងគេក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ ។ ការរងគ្រោះបាក់បង្គោលតង់ស្យុងទាំង ២៧ដើមនេះ វាតម្រូវឲ្យក្រុមហ៊ុនចំណាយថវិកាជួសជុលនិងតម្លើងបង្គោលថ្មីឡើងវិញ ដោយចំណាយអស់ថវិកាប្រមាណជាង ២០ ម៉ឺនដុល្លាអាមេរិក និងបាត់បង់ការផ្គត់ផ្គង់ឋាមពលអគ្គីសនី ប្រមាណជិត ៤លាន គីឡូវ៉ាត់ម៉ោង ។ លោកបានបញ្ជាក់បន្ថែមថា អ្វីដែលធ្ងន់ធ្ងរជាងនេះ គឺការខាតបង់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើអាជីវកម្មផ្សេងៗ និងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។
នៅក្នុងបទសម្ភាសន៍នោះ លោក ប្រាំង ជលសា ក៏បានបង្ហាញអំពីផែនការអនាគតរបស់អគ្គីសនីកម្ពុជាផងដែរថា ៖ ឆ្នាំ២០១៦ ខាងមុខ ខេត្តសៀមរាបនឹងបង្កើតអនុស្ថានីយ៍មួយទៀតនៅខាងកើតក្រុងសៀមរាប ហើយនឹងត្រូវបានបន្តអនុវត្តគម្រោងថ្មីចំនួន២ផ្សេងទៀត គឺការកសាងបណ្តាញបញ្ជូនអគ្គីសនី ដែលគម្រោងនេះនឹងត្រូវបានប្រើប្រាស់ថវិកាឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទំហំទឹកប្រាក់ប្រមាណជា ជិត ១៦៨លានដុល្លាអាមេរិក ។ លោកបានបញ្ជាក់ទៀតថា គម្រោងនេះនឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗខាងមុខ បើសិនជាគ្មានភាគីជំទាស់ ។ គម្រោងខ្សែបញ្ជូនទី១ ចេញពីខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ រហូតដល់ខេត្តកំពង់ចាម ។ បើសិនជាគម្រោងទី១នេះ ត្រូវបានសម្រេចលើការសាងសង់ហើយនោះ ការផ្គត់ផ្គង់ឋាមពលអគ្គីសនី ចូលមកកាន់ខេត្តទេសចរណ៍សៀមរាប-អង្គរ គឺអស់បញ្ហាទៀតហើយ ។ គម្រោងកញ្ចប់ទី២ មានប្រវែងជាង ១០០ គីឡូម៉ែត្រ ចេញពីឧត្តុង ឆ្លងកាត់ដៃទន្លេសាបឆ្ពោះទៅជ្រោយចង្វារ អរិយក្សត្រ ឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ចូលទៅក្រុងតាខ្មៅ ខេត្តកណ្តាល ៕
មតិយោបល់