លោកយាយចាស់ជរាម្នាក់ មានមុខរបរធ្វើកន្ត្រងប្រហុកលក់ ដើម្បីចិញ្ចឹមចៅ២នាក់ និងកូនស្រីមានជម្ងឺម្នាក់ យ៉ាងលំបាកវេទនា ដោយសុំដីគេក្នុងភូមិសង់ខ្ទមរស់នៅ ថ្មីៗនេះ បានរងគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុក បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានមកសំរាកក្នុងមន្ទីរពេទ្យខេត្ត ដោយសារភាពក្រីក្រ លោកយាយស្នើសុំដល់សប្បុរសជន មេត្តាជួយសង្គ្រោះសេចក្តីស្រេកឃ្លាន ដល់លោកយាយ ដោយក្តីអាណិតផង ។ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥នេះ លោយយាយ តូច សារ៉ន អាយុ៧៨ឆ្នាំ កំពុងសំរាកព្យាលរបួសនៅក្នុងមន្ទីរពេទ្យខេត្ត បានរៀបរាប់អោយដឹងថា លោកយាយរស់នៅក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ មុខរបរធ្វើកន្ត្រងប្រហុកលក់ចិញ្ចឹមជីវិត ។ លោកយាយគ្មានដីធ្លីជាកម្មសិទ្ធទេ សព្វថ្ងៃសុំដីអ្នកស្រុកក្នុងភូមិ សង់កូនខ្ទមរស់នៅ ជាមួយចៅ២នាក់ និងកូនស្រីម្នាក់ មានជម្ងឺធ្វើការមិនកើត ។ ចៅប្រុសទី១ឈ្មោះ បូ ចាន់ថារុន អាយុ១៧ឆ្នាំ មិនបានរៀនសូត្រអីទេ គឺធ្វើកម្មករសំណង់ ចៅស្រីទី២ឈ្មោះ បូ ចាន់សុភារី អាយុ១៦ឆ្នាំ ក៏មិនបានរៀនសូត្រអ្វីដែរ មុខរបរ ស៊ីឈ្នួលធ្វើការងារអោយអ្នកស្រុកក្នុងភូមិ និងជួយធ្វើកន្ត្រងប្រហុក ជាមួយលោកយាយ ។ ចំណែកកូនស្រីឈ្មោះ ស្រី និត អាយុ៤៧ឆ្នាំ ពីមុនធ្វើជាកម្មករសំណង់ តែពេលនេះ មានជម្ងឺរាំរ៉ៃយូរហើយ ធ្វើការងារមិនកើត ។ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ លោកយាយឆ្លងផ្លូវក្នុងភូមិ ត្រូវបានម៉ូតូបុក បណ្តាលអោយមានរបួសធ្ងន់ បែកមុខមាត់និងចង្កា តែពេលនេះ មុខរបួសបានធូរស្រាលច្រើនហើយ ។ នៅពេលលោកយាយរបួស បានចៅស្រីមកកំដរ និងធ្វើអោយជីវភាពក្នុងគ្រួសារ កាន់តែខ្វះខាត ព្រោះតែមិនបានប្រកបមុខរបរប្រចាំថ្ងៃ ។ ហេតុនេះហើយ ទើបលោកយាយបានលោកដៃសំពះ សុំអំពាវនាវដល់សប្បុរសជន ជិតឆ្ងាយ មេត្តាអាណិតអាសូរ ជួយសង្គ្រោះភាពស្រេកឃ្លាន ដល់លោកយាយ ដោយក្តីអនុគ្រោះផង ៕
ព័ត៌មានជាតិ
មតិយោបល់