អាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានលុបចោលការស៊ើបអង្កេតទៅលើទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក (NSA) ដែលបានឈ្លបយកការណ៍លើការសន្ទនាតាមរយៈទូរស័ព្ទដៃរបស់លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់។
ក្រោយពេលធ្លាយព័ត៌មានថា ទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក បានឈ្លបយកការណ៍ទៅលើការសន្ទនាតាមរយៈទូរស័ព្ទមេដឹកនាំធំៗនៅលើពិភពលោក រួមទាំងលោកស្រី Angela Merkel ផងនោះ អាល្លឺម៉ង់បានចាប់ផ្ដើមធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ប៉ុន្តែមកដល់ពេលពុំបានរកឃើញភស្ដុតាងអ្វីដែលបញ្ជាក់ថា ទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក ឈ្លបយកការណ៍លោកស្រី Angela Merkel ឡើយ។
ការប្រកាសជាលក្ខណៈបើកចំហរ និងចំៗនេះ ត្រូវបានក្រុមអ្នកវិភាគមួយចំនួនយល់ឃើញថា អាល្លឺម៉ង់គ្រាន់តែចង់បង្ហាញឲ្យពិភពលោកឃើញថា អាមេរិកមិនមែនជាមនុស្សខូចនោះទេ ព្រោះអាមេរិក និងអាល្លឺម៉ង់ជាសម្ព័ន្ធមិត្តនឹងគ្នា ខណៈដែលប្រទេសមួយចំនួនផ្សេងទៀត នៅតែគិតថា អាមេរិកពិតជាបានឈ្លបយកការណ៍ពិតមែន។
គួរបញ្ជាក់ផងដែរថា លោក Edward Snowden ជាអតីតទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក បានទម្លាយអាថ៌កំបាំងថា អាមេរិក បានលួចស្ដាប់ និងឈ្លបយកការណ៍លើបណ្ដាប្រទេសធំៗជាច្រើន បន្ទាប់ពីលោកបានរត់ចេញពីអាមេរិកមកដល់ចិន ព្រមទាំងបានរត់ទៅរុស្ស៊ី ខណៈដែលអាមេរិកស្នើឲ្យចិនចាប់ខ្លួនលោក ចំណែករុស្ស៊ីវិញ អាមេរិកគឺមិនហ៊ានស្នើនោះទេ ព្រោះថាប្រទេសទាំងពីរពុំបានចុះកិច្ចព្រមព្រៀងធ្វើបត្យាប័ននឹងគ្នាឡើយ៕
ព័ត៌មានជាតិ
មតិយោបល់