ខេត្តសៀមរាប៖ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនពលករ ដែលរងគ្រោះដោយមេខ្យល់ ធ្វើការបោកប្រាស់ យកទៅលក់ឲ្យធ្វើពលកម្មនៅប្រទេសថៃ ចំនួន ១៣នាក់ ក្នុងនោះមានស្រី៧នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និង អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ និង សមត្ថកិច្ចជំនាញជួយធ្វើអន្តរាគមន៍ សង្គ្រោះឲ្យបានរួចផុតពីការឃុំឃាំងរបស់ប៉ូលីស នៅខេត្ត សូឡាតផានី នៃព្រះរាជាណាចក្រថៃ ហើយបានវិលត្រឡប់មកដល់ស្រុកកំណើតវិញ នៅភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១១ សីហា ឆ្នាំ២០១៥ ។
មានប្រសាសន៍នាព្រឹកថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០១៥ លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា ការធ្វើចំណាក ស្រុកដោយការប្រថុយប្រថានរបស់បងប្អូនជនរងគ្រោះទាំង១៣នាក់ គឺបង្កឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិត និង ប៉ះពាល់ដល់បញ្ហាសុខភាព និង ក្លាយខ្លួនជាទាសករដាច់ថ្លៃរបស់ក្រុមឧក្រិដ្ឋជនទៀតផង ។ លោកជំទាវក៏បានបន្ត ទៀតថា មុនការធ្វើចំណាក់ស្រុកទៅធ្វើជាពលករនៅក្រៅប្រទេស ឬក៏នៅក្នុងប្រទេសត្រូវតែធ្វើការសិក្សាស្វែង ក្នុងការ ទំនាក់ទំនងពីព័ត៌មានផ្សេងៗ ដើម្បីឲ្យការធ្វើចំណាកស្រុករបស់បងប្អូន ធានាបាននូវសុខសុវត្ថិភាពនិងមានប្រភព ច្បាស់លាស់ពីទីកន្លែងដែលយើងទៅប្រកបការងារនោះ ។ លោកជំទាវ យូ សុភា បានបន្តថា ក្រោយពី អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា បានទទួលបាននូវពាក្យបណ្តឹងរបស់ឳពុកម្តាយ ក្រុម គ្រួសារជនរងគ្រោះទាំង១៣នាក់មក យើងបានធ្វើកិច្ចសហការ អន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូន ឲ្យបានរួចផុតពី ការចាប់ឃុំឃាំងរបស់សមត្ថកិច្ចប្រទេសថៃពេលនេះ បានវិលត្រឡប់មកស្រុកកំណើតជួបជុំក្រុមគ្រួសារវិញ ។ ក្នុងនោះដែរ លោកជំទាវក៏បានធ្វើការណែនាំមួយចំនួនដល់បងប្អូនក្រុមគ្រួសារជាជនរងគ្រោះ ក៏ដូចប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មុនពេលធ្វើចំណាកស្រុក ត្រូវតែមានការអនុញ្ញាតច្បាប់ទំលាបពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ សំខាន់នូវលិខិតឆ្លងដែន ច្បាប់ធ្វើការងារជាដើម ក្នុងការធ្វើចំណាកស្រុកទៅដោយស្របច្បាប់ ។ កត្តានេះហើយដែលយើងគ្រប់គ្នា ត្រូវចូលរួមក្នុង ការបញ្ឈប់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ព្រមទាំងប្រយុទ្ធប្រឆាំងក្នុងការជួញដូរមនុស្សនៅកម្ពុជា និង ធ្វើ ការផ្តន្ទាទោសដល់ឧក្រិដ្ឋជន ដែលបានធ្វើការឆបោកបងប្អូននៅចំពោះមុខច្បាប់ផងដែរ ។ លោកស្រីវរៈសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នង ការ ដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ដោយបានទទួលនូវពាក្យបណ្តឹងរបស់ ក្រុមគ្រួសារជនរងគ្រោះទាំង១៣នាក់ ហើយនោះ កម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស បានធ្វើការឃាត់ខ្លួនជនសង្ស័យ មេខ្យល់បាន១នាក់ ដែលមានទីលំនៅក្នុង ភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាបនិងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តសៀមរាប ចាត់ការទៅតាមនិតិវិធីច្បាប់។ក្នុងនោះលោកជំទាវក៏បានឧបត្ថម្ភនូវថវិកា ដល់បងប្អូនជនរងគ្រោះទាំង១៣នាក់ក្នុងម្នាក់ៗ ៤ម៉ឺនរៀល៕
ព័ត៌មានជាតិ
មតិយោបល់