កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមុននេះបន្ដិចថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។ នេះគឺជាករណីលើកដំបូងនៅប្រទេសកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។
ជនរងគ្រោះដែលស្លាប់ដោយសារកូវីដ១៩នេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិន ហើយពាក់ព័ន្ធនឹងក្លឹប N8។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា សពរបស់អ្នកកើតជំងឺកូវីដ-១៩នេះ មិនអាចរក្សាទុកបានយូរនោះទេ ពោលនឹងត្រូវរៀបចំបូជាតាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ។
សព មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សពនេះ ត្រូវបានរកឃើញថាមានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
គណនីហ្វេសប៊ុកឈ្មោះ Rith Sophanith ដែលទំនងជាសាច់ញាតិជនរងគ្រោះកាលពីម្សិលមិញនេះ ក៏បានបង្ហាញមុខជនរងគ្រោះដែលស្លាប់ ដោយសារជំងឺកូវីដ-១៩ ព្រមទាំងសរសេរថា “ត្រឹមរយៈពេលតែ ៣សប្តាហ៍សោះ សូម្បីមើលមុខប្រពន្ធជាលើកចុងក្រោយក៏មិនបានមើលផង ថែសុខភាពទាំងអស់គ្នា” ។
ដោយឡែកនាព្រឹកថ្ងៃទី១២ ខែមីនា នេះតាមរយៈគណនេយ្យហ្វេសបុក របស់ប្រពន្ធបុរសដែលស្លាប់ខាងលើ បានបង្ហោះរូបថតមួយសន្លឹក ដោយកូនបានត្រឹមអង្គុយមើលរូបថតឪពុកពោរពេញដោយក្តីទុក្ខសោក មិនអាចសូម្បីមើលមុខឪពុកជាលើកចុងក្រោយ ដោយសពត្រូវបូជា តាមអ្វីដែលជាការកំណត់របស់ប្រមុខក្រសួងសុខាភិបាល មិនអាចទុក្ខយូរ បាននោះទេ ។



មតិយោបល់