ព័ត៌មានជាតិ

មន្ត្រីជំនាញ ចុះបិទទីតាំង យានដ្ឋានកែច្នៃ រថយន្តមួយកន្លែង បង្កហានីភ័យ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេករិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា យានដ្ឋានរបស់លោក ឆាយ ឈាន កែច្នៃ ជួសជុលរថយន្តធំមានកំហុស និងបង្កហានីភ័យដល់ពលរដ្ឋជិតខាង និងខូចបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ អត់គោរពកិច្ចសន្យា​ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រូវបានមន្ត្រីជំនាញកំណត់ឲ្យមានជម្រើស២ដើម្បីសម្រេច គឺបើមិនបិទក៏ត្រូវប្តូរទីតាំងចេញពីកន្លែងធ្វើសព្វថ្ងៃ ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ ដើម្បីឲ្យបានភាពច្បាស់លាស់ ល្អិតល្អន់ មិនលម្អៀង និងការវាយតម្លៃលើការអនុវត្តកិច្ចសន្យា ក៏ដូចផលប៉ះពាល់ពីយានដ្ឋានទៅលើពលរដ្ឋនៅជិតខាងជុំវិញ ក៏ដូចជាសាធារណជនឆ្លងកាត់ផង។ជាលទ្ធផល ការពិនិត្យ វាយតម្លៃជាបន្តបន្ទាប់បានឃើញថា ម្ចាស់យានដ្ឋាននេះមិនគោរពកិច្ចសន្យាឡើយដូចជាច្បាប់សុំអនុញ្ញាតជួសជុលរថយន្តធំ តែបានបន្ថែមទៅកែច្នៃហើយមិនរាយការណ៍ដល់ជំនាញឡើយ និងកិច្ចសន្យាដទៃទៀតក៏គោរពមិនបានដែរ រួមទាំងរំលោភ និងប្រើប្រាស់ដីចំណីផ្លូវសម្រាប់ថ្មើរជើងមិនគោរពតាមច្បាប់រដ្ឋកំណត់ ដែលមានដំឡើងទ្រុង ថែម​ភ្លៅ ទំហំខុសបទដ្ឋានបច្ចេកទេសមិនការពារបរិស្ថាន ពិសេសការបង្ហូរប្រេងរំអិលចេញក្រៅបន្តរំខានដល់ការរស់នៅរបស់អ្នកជិតខាងគ្មានបម្រុងទុកឧបករណ៍សុវត្ថិភាពឧបករណ៍ពន្លត់អគ្គិភ័យជាដើម។កំហុសនេះមិនមែនលើកទី១ទេ គឺមានច្រើនលើកមកហើយ ការចោទប្រកាន់នោះ លោក ឆាយ ឈាន ម្ចាស់យានដ្ឋានបាននិយាយថា លោក និងក្រុមជាងបញ្ចេញស្នៀតដដែលៗសំណូមពរអង្វរករមន្ត្រីជំនាញ និងអាជ្ញាធរកុំបិទយានដ្ឋានរបស់លោក ព្រោះជីវភាព និងការលំបាករបស់ពួកខ្លួននឹងធ្លាក់មកលើជាច្រើនទៀត បើបិទយានដ្ឋាននេះ ។ឯមន្ត្រីជំនាញបានប្រាប់ថាចំពោះករណីនេះ បើមិនបិទ ក៏ត្រូវផ្អាកសកម្មភាព ហើយមិនអាចឲ្យបុគ្គលនេះធ្វើផ្គើនម្តងហើយម្តងទៀតនោះឡើយ។

ចំណែកជនរងគ្រោះ ឈ្មោះ ប្រាក់ ស៊ីណៃ ម្ចាស់បណ្ណាគារបន្ទាយស្រីបានឲ្យដឹងថា ៖ យានដ្ឋានរបស់លោក ឆាយ ឈានមានការគ្រោះថ្នាក់ ផលវិបាកខូចខាត និងបញ្ហាប្រឈមរបស់អ្នកស្រី ក្រុមគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិ និងរបស់ពលរដ្ឋជិតខាងកើតមានយូរឆ្នាំច្រើនណាស់ពេកហើយ អ្នកស្រី និងពលរដ្ឋជិតខាងបានយោគយល់ អត់ធ្មត់រហូតរងគ្រោះទាំងខ្លួនឯង ក៏នៅតែម្ចាស់ និងក្រុមជាងនៃយានដ្ឋាននោះ មិនដែលយកភ្នែកមើល ហើយយល់ពីទុក្ខលំបាក ការគ្រោះថ្នាក់ របស់ពួកអ្នកស្រីឡើយ ។ទោះយ៉ាងណា អ្នកស្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដល់មន្ត្រីជំនាញ មន្ត្រីអាជ្ញាធរនិងអ្នកពាក់ព័ន្ធដែលបញ្ជូន មន្ត្រីមកពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការលើករណីនេះ អ្នកស្រីស្នើសុំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរ ចាត់ការបិទ ឬប្តូរទីតាំងយានដ្ឋាននេះនៅពេលនេះតែម្តង មិនអាចពន្យាពេលឡើយ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានពិភាក្សាគ្នា នៅថ្ងៃទី៣០ ខែមីនា នឹងឲ្យមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យ វាយតម្លៃម្តងទៀត លើការអនុវត្តកិច្ចសន្យា និងស្រាវជ្រាវករណីឧប្បត្តិហេតុនៅយានដ្ឋានរបស់ឈ្មោះ ឆាយ ឈាន ។សូមរំលឹកកាលពីល្ងាចថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ មានគ្រោះថ្នាក់មួយលើកទៀតដែលបង្កពីរថយន្ដធំ១គ្រឿងដែលទើបជួសជុល និងកែច្នៃ រូចយានដ្ឋានរបស់ឈ្មោះ ឆាយ ឈាននេះ បានថយទៅបុកចំទ្វារចូលនៃបណ្ណាគារបន្ទាយស្រី បង្កការខូចខាតផ្នែកខាងមុខទ្វារ កញ្ចក់និងសម្ភារៈជាច្រើន និងបានធ្វើឲ្យម្ចាស់បណ្ណាគារ និងបុគ្គលិកភ័យតក់ស្លុតយ៉ាងខ្លាំង ៕

មតិយោបល់