ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ តាមរយ:ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរសំណេរមួយជុំវិញចម្ងល់របស់អ្នកកាសែត ដែលបានសួរលោកទាក់ទងទៅនឹង អ្នកការសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណនិងជាប់បណ្ដឹងនៅតុលាការ។
លោកហ៊ុយ វណ្ណៈ បានសរសេរថា៖ បងប្អូនអ្នកកាសែត បានសួរសំណួរខ្ញុំ នៅថ្ងៃនេះ!
• សំណួរ៖ យល់ដូចម្តេចដែលមានអ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណ និងខ្លះជាប់ក្តីនៅតុលាការ សរុបទាំងអស់ជាង៧០ករណី?
• ចម្លើយ៖ តើអ្នកកាសែតដែលមានអង្គភាពផ្លូវការ មានការដឹកនាំត្រឹមត្រូវ និងមានវិជ្ជាជីវៈប៉ុន្មាននាក់នៅក្នុងចំណោមនោះ? គឺស្ទើតែគ្មាន។ យើងត្រូវយល់ពីភាពគ្រោះថ្នាក់នៃបច្ចេកវិទ្យា (Facebook/Online) ដែលជំរុញឲ្យខ្លះធ្វើខុសដោយមិនដឹងខ្លួន ឬដោយបំពានប៉ាតណាប៉ាតណី ហើយកំហុសរបស់គេបែរជាបង្កើតបន្ទុកយល់ច្រឡំធំ២ ទៅអ្នកដទៃទាំងអយុត្តិធម៌៖
១- មើលមួយភ្លែតថា សមត្ថកិច្ចបំពានពួកគេទៅវិញ។
២- ទង្វើរបស់ពួកគេ បានធ្វើឲ្យស្រអាប់ដល់អ្នកសារព័ត៌មាន ដែលមានអាជីពត្រឹមត្រូវ ហើយរឿងធំបំផុត គឺសង្គមទាំងមូល ទទួលព័ត៌មានបំពុល និងខុសស្រឡះ។ យើងត្រូវទ្រាំទទួលយកការពិតនេះ ហើយនាំគ្នាកែប្រែ ដោយ«ចេះក្រែង»។
សូមជម្រាបថារយ:ពេលប៉ុន្មានខែមកនេះជាពិសេសក្នុងខែមីនានេះ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រនិងកាសែត ជាច្រើនអង្គភាព ដែលអង្គភាពទាំងនោះបានផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិជ្ជាជីវៈ និងបានធ្វើឲ្យប៉ះពាល់ដល់សង្គមផងដែរ៕
ប្រភព៖ ទទក
មតិយោបល់