ព័ត៌មានជាតិ

ដំណើរការ​ដ៏ស្មុគស្មាញ​នៃ​ការ​ចុះចត Perseverance ​លើ​ភពអង្គារ

Perseverance ដែលណាសាបាញ់បង្ហោះ កាលពីថ្ងៃទី២០កក្កដាឆ្នាំ២០២០កន្លងទៅ នឹងធ្វើដំណើរទៅដល់ និងចុះចតលើភពអង្គារ នៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខ។ ក៏ប៉ុន្តែ មុននឹងអាចចុះទៅដល់លើផ្ទៃដីភពអង្គារ Perseverance ត្រូវឆ្លងកាត់នូវដំណាក់កាលចុះចតដ៏ស្មុគស្មាញមួយ ដែលគេឲ្យឈ្មោះតាមភាសាអង់គ្លេសថា “Entry, Descent and Landing” ឬ “EDL”។

 

ដំណើរការចុះចត​នេះ ចាប់តាំង​ពី​ពេល​ធ្វើ​ដំណើរ​ចូល​មក​ដល់​ស្រទាប់​បរិយាកាស រហូត​ចុះ​មក​ដល់​ផ្ទៃដី​ភពអង្គារ ដំណើរការ​ចុះចតយាន Perseverance ត្រូវ​ចំណាយពេល​ ៧នាទី ហើយ​ដែល​ក្រុមអ្នកវិទ្យាសាស្រ្ត​របស់​ណាសា តែងតែ​នាំគ្នាហៅថា “Seven Minutes of Terror” ដោយ​គ្រប់ដំណាក់កាល​ទាំងអស់ ចាំបាច់​ត្រូវតែ​មាន​ដំណើរការ​យ៉ាងល្អឥតខ្ចោះ ហើយ​ជាងនេះ​ទៅទៀត អ្វីៗ​នឹង​ត្រូវ​​ដំណើរការទៅ​ដោយ​ស្វ័យប្រវត្តិ ដោយពឹងតែ​ទៅលើ​ប្រព័ន្ធ​រ៉ាដា កាមេរ៉ា និង​កុំព្យូទ័រ​ដែល​មាន​នៅលើ​យានដោយផ្ទាល់។

បន្ថែម​ពីលើ​នេះ​ទៅទៀត ទីតាំងចុះចត សម្រាប់ Perseverance នៅពេលនេះ គឺមាន​សណ្ឋានដី​​ស្មុគស្មាញខ្លាំង ដែលគេមិនដែល​ធ្លាប់​ធ្វើ​ពីមុន ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វាក៏​ជាទីតាំង ដែល​មាន​អំណោយផល​ខ្លាំងផងដែរ សម្រាប់​បេសកកម្ម​របស់ ​Perseverance ដែល​គោលដៅចម្បងបំផុត គឺ​​សិក្សា​ស្វែងរក​តម្រ៉ុយ​នៃ​ជីវិត​លើ​ភពអង្គារ។

ទីតាំង ដែល​យាន Perseverance ត្រូវ​ចុះចត និង​សិក្សា​នោះ គឺ​ជា​រណ្តៅអាចម៍ផ្កាយ ដែល​គេ​ឲ្យឈ្មោះ​ថា « Jezero Crater » ហើយ​នេះ​ជា​ទីតាំង​ពិសេស​សម្រាប់​ការ​សិក្សា​រក​តម្រ៉ុយ​នៃ​ជីវិត គឺ​ដោយសារ​តែ​អ្នក​វិទ្យាសាស្រ្ត​ជឿថា Jerezero Crater នេះ ដែលមានមុខកាត់​រហូតដល់​ទៅ​ប្រមាណ​ជា ៤៥គីឡូម៉ែត្រ​ ធ្លាប់​ជា​បឹង ដែល​​កាល​ពី​ជាង ៣ពាន់លាន​ឆ្នាំមុន មាន​ពេញ​ទៅដោយទឹករាវ។

សម្រាប់​អ្នក​វិទ្យាសាស្រ្ត ការសិក្សា​លម្អិត​ទៅលើ​ដី​ដែល​ធ្លាប់​ជា​បាតបឹង​បែបនេះ គឺ​ជា​ទីតាំង​ដែល​មាន​ប្រូបាប៊ីលីតេ​ខ្ពស់​ជាងគេ ក្នុងការ​ស្វែងរក​តម្រ៉ុយ​នៃ​ជីវិត​លើ​ភព​អង្គារ ពីព្រោះ​ថា តាមអ្វីដែល​គេ​ធ្លាប់​សង្កេតឃើញ​នៅលើ​ភពផែនដី​របស់​យើង​នេះ គឺ​នៅតាម​តំបន់​ដែល​ជា​អតីត​បាតបឹង ឬ​បាតសមុទ្រ ដែល​គេ​តែងរក​ឃើញ​ផូស៊ីល​នៃជីវិត​ដែល​មាន​អាយុកាល​ចំណាស់ៗ គឺ​ជីវិត ក្នុងទម្រង់​ជា​បាក់តេរី ដែល​មានវត្តមាន​នៅលើ​ភពផែនដី​របស់​យើង តាំង​ពី​​ជាង ៣ពាន់លាន​ឆ្នាំមុន។

ប្រភព៖​ RFI

មតិយោបល់