ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក ជើងទឹក និងជើងអាកាសប្រេស៊ីល លាលែងពីតំណែងព្រមគ្នា

 

(ប្រេស៊ីល)៖ មេបញ្ជាការកងទ័ពជើងគោក ជើងទឹក និងជើងអាកាសនៃប្រទេសប្រេស៊ីលបានសម្រេចចិត្តលាលែងចេញពីតំណែង ខណ:លោកប្រធានាធិបតី Jair Bolsonaro កំពុងធ្លាក់ចុះប្រជាប្រិយភាពដោយសារតែការបរាជ័យក្នុងការគ្រប់គ្រងស្ថានការណ៍ COVID-19។

មេបញ្ជាការដែលបានសម្រេចចិត្តលាលែងចេញពីតំណែង រួមមានមេបញ្ជាការកងទ័ពជើងគោក លោក អេសុន ពូយ៉ូល (Edson Pujol), មេបញ្ជាការកងទ័ពជើងទឹក លោក អ៉ីលហ្គែស បាបូសា (Ilques Barbosa) និងមេបញ្ជាការកងទ័ពជើងអាកាសលោក អាន់តូនីញ៉ូ កាឡូស ប៊ឺមូដែស (Antonio Carlos Bermudes)។

ក្រសួងការពារជាតិប្រេស៊ីលមិនបានបញ្ជាក់លម្អិតឡើយពីហេតុផលនៃការសម្រេចចិត្តលាលែងចេញពីតំណែងរបស់មេបញ្ជាការទាំង៣ស្ថាប័ននេះឡើយ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានរាយការណ៍ថាការសម្រេចចិត្តរបស់មេបញ្ជាការទាំងបីរូប អាចជាការសម្ដែងការមិនពេញចិត្តទៅនឹង លោក Bolsonaro ដែលដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក ហ្វែរណាន់ដូ អាហ្សេវេដូ (Fernando Azevedo)។

កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍កន្លងទៅនេះ លោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានរុះរើគណ:រដ្ឋមន្ត្រីរបស់លោកដោយតែងតាំងរដ្ឋមន្ត្រីថ្មីចំនួន៣រូប
គឺរដ្ឋមន្ត្រីការបរទេស, រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងនាយខុទ្ទកាល័យរបស់លោកផងដែរ។ កាលពីសប្ដាហ៍មុន លោក Bolsonaro ក៏បានតែងតាំង
រដ្ឋមន្ត្រីសុខាភិបាលថ្មីទី៤ ផងដែរចាប់តាំងពីមានការឆ្លងរាតត្បាត COVID-19 នៅក្នុងប្រទេសប្រេស៊ីលមក៕

មតិយោបល់