ព័ត៌មានជាតិ

កូរ៉េខាងជើង អាចនឹងបង្កើនការបាញ់តេស្តមីស៉ីលផ្លោង KN-23 ដ៊ើម្បីជំនួសមីស៊ីល Scud

 

(សេអ៊ូល)៖ កូរ៉េខាងជើងអាចនឹងធ្វើតេស្តបាញ់មីស៉ីលផ្លោងជាបន្តបន្ទាប់ទៀត ខណ:ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានឡើងកម្ដៅជាថ្មី ក្រោយទីក្រុងព្យុងយ៉ាង និងទីក្រុង វ៉ាស៊ីនតោនផ្លោងសម្ដីរិះគន់ដាក់គ្នាទៅវិញទៅមក។ នេះបើតាមវិទ្យាស្ថានវិភាគវិស័យការពារជាតិរបស់កូរ៉េខាងត្បូង KIDA។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក Lee Sang-min អ្នកជំនាញនៃវិទ្យាស្ថាន KIDA បាននិយាយថាកូរ៉េខាងជើងកំពុងធ្វើតាមរុស្ស៉ីក្នុងការអភិវឌ្ឍមីស៉ីលផ្លោងឈ្មោះ Iskander ដែលជាប្រភេទប្រើឥន្ធន:រឹង គឺដើម្បីជំនួយមីស៉ីលផ្លោង Scud របស់ខ្លួន ដែលជាប្រភេទប្រើឥន្ធន:រាវ។ កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលផ្លោង រយ:ចម្ងាយខ្លីចំនួន០២គ្រាប់ ដែលគេជឿថាជាទម្រង់ថ្មីនៃមីស៉ីល KN-23 ខណ:មីស៉ីលនេះយកលំនាំតាមមីស៉ីលផ្លោងរុស្ស៉ី Iskander។

បើតាមលោក Lee កូរ៉េខាងជើងបានអះអាងថា មីស៉ីលដែលខ្លួនបាញ់តេស្តកាលពីសប្តាហ៍មុននោះ អាចហោះបានចម្ងាយ៦០០គីឡូម៉ែត្រ ប៉ុន្តែដើម្បីអាចជំនួសមីស៉ីល Hwasong ដែលស្រដៀងនឹងមីស៉ីល Scud របស់រុស្ស៉ីបាន មីស៉ីល KN-23នេះ ចាំបាច់ត្រូវមានសមត្ថភាព ហោះបានឲ្យឆ្ងាយជាងនេះ។ ដូច្នេះហើយ កូរ៉េខាងជើងទំនងជានឹងបន្តបង្កើនសមត្ថភាពរបស់វា ហើយធ្វើតេស្តបាញ់សាកល្បងជាបន្តបន្ទាប់ទៀត។

មីស៉ីលផ្លោងសំខាន់ៗ ដែលមានគោលដៅលើកូរ៉េខាងត្បូង កូរ៉េខាងជើងមានមីស៉ីលផ្លោង Hwasong-5, Hwasong 6 និង Hwasong 9។ សម្រាប់មីស៉ីលផ្លោង Hwasong-5 និង Hwasong-6 ត្រូវគេជឿថា អាចហោះបានចម្ងាយ៥០០គីឡូម៉ែត្រ ខណ: Hwasong 9 អាចហោះដល់ខ្ទង់១,០០០គីឡូម៉ែត្រ៕

Yonhap៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១

មតិយោបល់