ព័ត៌មានជាតិ

កូវីដ-១៩ បំប្លែងខ្លួនថ្មីមានប្រភពដើមក្នុងចក្រភពអង់គ្លេស ក្លាយជាវីរុសសម្បូរជាងគេនៅក្នុងសហរដ្ឋអាមេរិក

 

(វ៉ាស៊ីនតោន)៖ វីរុស COVID-19 បំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅក្នុងចក្រភពអង់គ្លេសបានក្លាយជាវីរុសសម្បូរជាងគេ នៅក្នុងសហរដ្ឋអាមេរិក
នាពេលបច្ចុប្បន្ន ខណៈករណីឆ្លងនៅក្នុងប្រទេសមួយនេះនៅតែបន្តស្ថិតនៅក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ នេះបើតាមមន្ត្រីសុខាភិបាលអាមេរិកជាន់ខ្ពស់ម្នាក់។

នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC លោកស្រី Rachelle Walensky ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍ នេះ។ លោកស្រីបានលើកឡើងដូច្នេះថា៖ «វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅក្នុងចក្រភពអង់គ្លេស ឬមានឈ្មោះសម្គាល់ថា B.1.1.7 បច្ចុប្បន្នបានក្លាយជាវីរុស ដែលសម្បូរជាងគេនៅក្នុងសហរដ្ឋអាមេរិក…»។

លោកស្រីក៏បានជំរុញផងដែរឱ្យប្រជាជនអាមេរិកទាំងអស់ចាក់វ៉ាក់សាំងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីបង្ការការឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី។ ក្រៅពីវីរុស B.1.1.7 សហរដ្ឋអាមេរិកបានរកឃើញដូចគ្នានូវករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ វីរុសទាំងនេះ ត្រូវបានគេជឿជាក់ថាជាមូលហេតុនៅពីក្រោយនៃការកើនឡើងករណីឆ្លងទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក៕

AFP៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១

មតិយោបល់