ព័ត៌មានជាតិ

នូវែលសេឡង់ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរយៈពេល ១៤ថ្ងៃ ដោយសារបារម្ភកូវីដ-១៩

 

(វែរលីងតុន)៖ ប្រទេសនូវែលសេឡង់នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១នេះបានសម្រេចចិត្តហាមមិនឱ្យអ្នកដំណើរទាំងអស់មកពីប្រទេសឥណ្ឌា ក្នុងនោះរួមទាំងពលរដ្ឋរបស់ខ្លួន ចូលមកក្នុងប្រទេសជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍។

 

ការសម្រេចចិត្តខាងលើធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍នេះបានរកឃើញអ្នកឆ្លង COVID-19 ២៣នាក់ ក្នុងនោះមាន១៧នាក់ មកពីប្រទេសឥណ្ឌាជាទីដែលករណីឆ្លងកំពុងកើនឡើងយ៉ាងគំហុក។ បម្រាមខាងលើនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង ៤៖០០នាទីល្ងាច (ម៉ោងនៅក្នុងតំបន់) នៅថ្ងៃទី១១ រហូតដល់ថ្ងៃទី២៨ ខែមេសានេះ។

បើតាមគេហទំព័រ worldometer នូវែលសេឡង់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានអ្នកឆ្ល COVID-19 ចំនួន ២,៥៥៥នាក់ ក្នុងនោះស្លាប់២៦នាក់ និងជាសះស្បើយឡើងវិញ ២,៤៣៤នាក់៕

Reuters

មតិយោបល់