ព័ត៌មានជាតិ

អតីតមេដឹកនាំ​ស៊ីវិលភូមា​​ រង​ការ​ចោទ​ប្រកាន់​​ចំនួន ៦​ ករណី ខណ:បាតុកម្មធ្វើ​ជា​រៀង​រាល់​ថ្ងៃ

ក្នុង​វ័យ​៧៥​ឆ្នាំ អតីត​ជ័យលាភី​រង្វាន់ណូបែលសន្តិភាព​ អ៊ុងសាន ស៊ូជី រង​បទ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ មួយ​ខ្សែវែង ដែល​នឹង​មករារាំង​មិន​ឱ្យ​លោកស្រី​អាច​ត្រលប់​មកដឹកនាំ​ប្រទេស​ជា​ថ្មី​បាន​វិញ​ទេ។ នៅ​ថ្ងៃនេះ​របបសឹក​បាន​ធ្វើ​ការចោទប្រកាន់​លោកស្រី មួយ​ករណី​ទៀត ដោយ​ផ្អែកលើ​កថាខណ្ឌ​ទី​២៥​នៃច្បាប់ស្តី​អំពីការ​​គ្រប់​គ្រង​គ្រោះ​មហន្តរាយធម្មជាតិ។​ ​ច្បាប់​ដដែល​ដែល​ពួកយោធា​ធ្លាប់​បាន​ចោទ​កាលពី​ពាក់កណ្តាល​ខែកុម្ភ:។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី មិនមិន សើ Min Min Soe មេធាវីការពារ​​លោកស្រី​អ៊ុងសានស៊ូជី។

ជា​សរុប លោកស្រី អ៊ុងសានស៊ូជី​រង​ការ​ចោទ​ប្រកាន់​​ចំនួន ៦​ ករណី ៖ ៥​ករណី នៅ​ក្រុង​ណៃពិដោ និង​មួយ​ករណី​នៅ​ក្រុង​រ៉ង់ហ្គូន។ បទ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរជាងគេ គឺ​បទចោទ​ប្រកាន់​កាលពី​ថ្ងៃទី ២៥​មីនា ដែល​ថា​លោកស្រី​បាន​រំលោភ​ច្បាប់​សម្ងាត់​រដ្ឋ​កាលពី​សម័យ​ក្រោមអាណានិគម និង​ពីបទ​ញុះ​ញង់​ឱ្យ​មានអសណ្តាប់​ធ្នាប់​សាធារណ:។ លោកស្រីក៏​រងការចោទ​ប្រកាន់​ថា​​បាន​ទទួល​ប្រាក់​សំណូក​ចំនួន ១​លានដុល្លារ និង​មាស​១១​គីឡូក្រាម ប៉ុន្តែ​ពុំទាន់មានបទចោទប្រកាន់​ជាផ្លូវការ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅឡើយ​ទេ​ចំពោះ​សំណុំរឿង​នេះ។

ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​លោកស្រី មានកំហុសមែន លោកស្រី​អាចនឹងត្រូវ​ជាប់​ពន្ធនាគារជាច្រើនឆ្នាំ និង​ពុំអាច​ធ្វើ​នយោបាយ​បាន​ទៀត​ទេ។

លែងឃើញ​មុខ​ជា​សាធារណ:​តាំង​ពី​ថ្ងៃ​ទី ១កុម្ភ:​មក លោកស្រីហាក់​​មាន​សុខភាព​ល្អ​រឹង​មាំទេ។ នេះ​បើ​តាមមេធាវី​ដដែល ដែល​បានឃើញ​រូប​លោកស្រី​តាម​រយ:​វីដេអូខុន​ហ្វេរិន នៅ​ក្នុង​អង្គសវនាការរបស់​តុលាការ​ក្រុង​ណៃពិដោ។

នៅ​តាម​ផ្លូវវិញ បាតុករ​នៅ​តែបន្ត​ចុះ​ថ្នល់​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ទាមទារ​ឱ្យរបប​សឹក​ដោះលែង​លោកស្រី​អ៊ុងសានស៊ូជី។ ​បាតុកម្ម​បាន​ត្រឹម​ទទួល​​មកវិញ​នូវ​ការបង្ក្រាប​យ៉ាង​ហិង្សានិង​ឃោរឃៅ។ បើ​តាម​សមាគម​ជំនួយ​អ្នកទោស​នយោបាយ​ គិត​ចាប់​ពី​ថ្ងៃ​១កុម្ភ:​មក មាន​​បាតុករ​ស្លាប់​អស់​៧០១​នាក់ និង​ត្រឹម​តែ ២៤៨​នាក់ប៉ុណ្ណោះ​ បើ​តាម​តួលេខ​របស់​រដ្ឋាភិបាលសឹក។

ប៉ុន្តែ​ទោះ​បី​មាន​ការ​បង្ក្រាប​យ៉ាងណា ក៏ក្រុមប្រឆាំង​ភូមា​មិន​ចុះ​ញ៉ម និង​បាន​ចេញ​ធ្វើ​បាតុកម្មទៀតនៅ​ក្រុង​ម៉ង់ដាល័យ កាឡៃ និង​នៅ​រ៉ង់ហ្កូន​ នៅ​ថ្ងៃ ចន្ទទី ១២​មេសា និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​កម្មវិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ ដែល​រៀប​ចំ​ឡើង​ដោយ​មេដឹកនាំយោធា។ វិបត្តិ​ក៏​​បាន​ជំរុញ ឱ្យមាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុមយោធា​ភូមា​និងក្រុមប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​កាឈីន ជា​ច្រើន​កន្លែងទៀត​។

លើ​ផ្នែកការទូត​វិញ មានការ​ថ្កោលទោស​និង​ដាក់ទណ្ឌកម្ម​ច្រើន​ពី​សំណាក់​សហគមន៍អន្តរជាតិ ប៉ុន្តែក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ពុំអាចចេញ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ស្តី​ពី​ការ​លក់​អាវុធ​ឱ្យ​ភូមា​ទេ។ ប្រេសិត​ពិសេស​ទទួល​បន្ទុក​កិច្ចការ​ភូមា​ បាន​ទៅ​ដល់​ថៃ​កាលពី​ថ្ងៃ​សុក្រ និង​បន្ត​​ទស្សនកិច្ច​មួយ​ជុំនៅ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ចិន​ផង តែ​មិន​អាចចូល​ភូមា​បាន​ ព្រោះ​របប​សឹកមិន​​ស្វាគមន៍៕

 

 

មតិយោបល់