(Reuters) - កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីតួកគីលោក Tayyip Erdogan បាននិយាយថា ប្រទេសតួកគីនិងលីប៊ីបានប្តេជ្ញាចិត្តអនុវត្តតាមកិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រ នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេឆ្នាំ២០១៩ បន្ទាប់ពីបានជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីលីប៊ី Abdulhamid Dbeibeh នៅទីក្រុងអង់ការ៉ា។
លោក Erdogan បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា “កិច្ចព្រមព្រៀងព្រំដែនសមុទ្រដែលបានចុះហត្ថលេខារវាងប្រទេសតួកគី និងលីប៊ី ដើម្បីធានានូវផលប្រយោជន៍ជាតិ និងអនាគតនៃប្រទេសទាំងពីរ ដោយយើងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះការងារនេះនៅថ្ងៃនេះ”។

រដ្ឋាភិបាលបង្រួបបង្រួមថ្មីរបស់លីប៊ីបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី១៥ ខែមីនា ដែលរួមមានភាគីដែលបានធ្វើសង្គ្រាមចំនួនពីរក្រុមដែលបានគ្រប់គ្រងតំបន់ភាគខាងកើត និងខាងលិច ហើយពួកគេបានបញ្ចប់ការផ្ទេរអំណាចដោយរលូនបន្ទាប់ពីមានភាពវឹកវរដ៏ហឹង្សាមួយទសវត្សរ៍។
ប្រទេសតួកគីបានគាំទ្ររដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) ដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលីប្រឆាំងនឹងកងទ័ពជាតិលីប៊ី (LNA) ដែលមានមូលដ្ឋាននៅភាគខាងកើត ដែលត្រូវបានគាំទ្រដោយប្រទេសរុស្ស៊ី អេហ្ស៊ីប អារ៉ាប់រួម និងបារាំង។

ប្រទេសក្រិកដែលប្រឆាំងនឹងកិច្ចព្រមព្រៀងព្រំដែនសមុទ្ររវាងទីក្រុងទ្រីប៉ូលី និងអង់ការ៉ា ដោយបានអំពាវនាវឱ្យលុបចោលកិច្ចព្រមព្រៀងនេះ ខណៈដែលប្រទេសនេះបានបើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសលីប៊ីឡើងវិញបន្ទាប់ពីបានបិទអស់រយៈពេល ០៧ឆ្នាំមកហើយ។
នាយករដ្ឋមន្ត្រីលីប៊ីលោក Dbeibeh បាននិយាយថា កិច្ចព្រមព្រៀងវាងប្រទេសទាំងពីរ រួមទាំងកិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រ គឺផ្អែកលើគោលការណ៍ត្រឹមត្រូវ ៕

មតិយោបល់