ព័ត៌មានជាតិ

ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​វិមាន​ក្រឹម​ឡាំង​ចំពោះ​ការ​បដិសេធ​សំណើ​របស់​ខ្លួន អំពីការ​ប្រមូលផ្តុំ​កងទ័ព​រុ​ស្ស៊ី​នៅ​ក្បែរ​ព្រំដែន​របស់​ខ្លួន

(Reuters)​ -​ កាលពី​ថ្ងៃ​ច័ន្ទ​ ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​វិមាន​ក្រឹម​ឡាំង​ចំពោះ​ការ​បដិសេធ​សំណើ​របស់​ខ្លួន​ សុំ​ឱ្យ​មាន​កិច្ច​ពិភាក្សា​រវាង​ប្រធានាធិបតី​នៃ​ប្រទេស​ទាំង​ពីរ​ជុំវិញ​ការ​ប្រមូលផ្តុំ​កងទ័ព​រុ​ស្ស៊ី​នៅ​ក្បែរ​ព្រំដែន​របស់​ខ្លួន​ ប៉ុន្តែ​ទីក្រុង​ម៉ូ​ស្គូ​បាន​និយាយ​ថា​ ទាហាន​របស់​ខ្លួន​ស្ថិត​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​ដូច​កងទ័ព​សហរដ្ឋអាមេរិក​ដែល​មាននៅ​ក្នុង​តំបន់​នោះ​ឡើយ​ ។​

​ទីក្រុង​កៀវ​ និង​ម៉ូ​ស្គូ​បាន​ស្តីបន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ ស្ថានភាព​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​នៅ​តំបន់​ Donbass​ ភាគ​ខាងកើត​ ដែល​កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​ដែល​គាំទ្រ​ដោយ​រុ​ស្ស៊ី​នៅ​ក្នុង​ជម្លោះ​មួយ​ ដោយ​ទីក្រុង​កៀវ​និយាយ​ថា​ បាន​សម្លាប់​មនុស្ស​ចំនួន​ ១៤.០០០​ នាក់​ចាប់តាំងពី​ឆ្នាំ​២០១៤​ មក​។​

​ប្រទេស​លោក​ខាងលិច​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​នៅ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មីៗ​នេះ​ ជុំវិញ​ការ​ប្រមូលផ្តុំ​កងកម្លាំង​ដ៏​ច្រើន​របស់​រុ​ស្ស៊ី​នៅ​ក្បែរ​ព្រំដែន​ភាគ​ខាងកើត​ នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​នៅ​តំបន់​ Crimea​ ដែល​ប្រទេស​រុ​ស្ស៊ី​បាន​បញ្ចូល​ជា​ទឹកដី​របស់​ខ្លួន​ពី​ទីក្រុង​គៀវ​កាលពី​ឆ្នាំ​២០១៤​ មក​។​

​កាលពី​ថ្ងៃ​ច័ន្ទ​ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​លោក​ Antony​ Blinken​ និង​អគ្គលេខាធិការ​នៃ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​ (NATO)​ លោក​ Jens​ Stoltenberg​ បាន​ពិភាក្សា​អំពី​ “​តម្រូវការ​ចាំបាច់​ជា​បន្ទាន់​ចំពោះ​ប្រទេស​រុ​ស្ស៊ី​ ដើម្បី​បញ្ឈប់​ការ​ចចេស​រឹង​រួស​ក្នុង​ការ​ប្រមូលផ្តុំ​កម្លាំងយោធា​ របស់​ រុ​ស្ស៊ី​”​។​

​រដ្ឋមន្ត្រី​ការ​បរទេស​មក​ពី​ក្រុម​ប្រទេស​ G7​ រួម​មាន​ សហរដ្ឋអាមេរិក​ អង់គ្លេស​ និង​បារាំង​បាន​ថ្កោលទោស​ការ​កើនឡើង​នៃ​ចំនួន​កងទ័ព​រុ​ស្ស៊ី​នៅ​ក្បែរ​ព្រំដែន​របស់​រុ​ស្សី​ជាមួយ​អ៊ុយ​ក្រែ​ន​ រួម​ទាំង​នៅ​តំបន់​ Crimea​ ដែល​រុ​ស្ស៊ី​បញ្ចូល​ជា​ទឹកដី​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៤​មក​ ៕

 

មតិយោបល់