ព័ត៌មានជាតិ

យន្តហោះ​ចម្បាំង​ចិន​ចំនួន​ ២៥​ គ្រឿងក្នុង​នោះ​មាន​ទាំង​យន្តហោះ​ប្រយុទ្ធ​ និង​យន្តហោះ​អាច​ទំលាក់​គ្រាប់បែកនុយក្លេអ៊ែរ​បាន​ចូល​ទៅ​កាន់​តំបន់​ការពារ​ដែនអាកាស​របស់​កោះ​តៃវ៉ាន់​

(Reuters)​ -​ កាលពី​ថ្ងៃ​ច័ន្ទ​ កោះ​តៃវ៉ាន់​បាន​និយាយ​ថា​ យន្តហោះ​ចម្បាំង​ចិន​ចំនួន​ ២៥​ គ្រឿងក្នុង​នោះ​មាន​ទាំង​យន្តហោះ​ប្រយុទ្ធ​ និង​យន្តហោះ​អាច​ទំលាក់​គ្រាប់បែកនុយក្លេអ៊ែរ​បាន​ចូល​ទៅ​កាន់​តំបន់​ការពារ​ដែនអាកាស​របស់​កោះ​តៃវ៉ាន់​ (ADIZ)​ ។​

​ខណៈ​ពេល​ដែល​មិន​ទាន់​មាន​សេចក្តី​អត្ថាធិប្បាយ​ភ្លាមៗ​ពី​ទីក្រុង​ប៉េ​កាំ​ង​នៅឡើយ​ ព័ត៌មាន​នេះ​បាន​ផ្សព្វផ្សាយ​បន្ទាប់​ពី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីណែនាំ​ថ្មី​ដែល​បន្ថែម​សេរីភាព​ឲ្យ​មន្ត្រី​សហរដ្ឋអាមេរិក​ជួប​ជាមួយនឹង​មន្ត្រី​តៃវ៉ាន់​ដើម្បី​រឹត​បន្តឹង​ចំណងមិត្តភាព​ជាមួយ​តៃប៉ិ​ថែម​ទៀត​កាលពី​ថ្ងៃ​សុក្រ​នេះ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ កោះ​តៃវ៉ាន់​បាន​តវ៉ា​ចំពោះ​ការ​ធ្វើ​បេសកកម្ម​ម្តង​ហើយ​ម្តងទៀត​ដោយ​កងទ័ពអាកាស​របស់​ចិន​នៅ​ក្បែរ​កោះ​មួយ​នេះ​ ដែល​បាន​ធ្វើ​សកម្មភាព​នៅ​ភាគ​និរតី​នៃ​តំបន់​ការពារ​ដែនអាកាស​របស់​ខ្លួន​នៅ​ជិត​កោះ​ Pratas​ ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​ថា​បេសកកម្ម​ចុង​ក្រោយបង្អស់​របស់​ប្រទេស​ចិន​មាន​ពាក់ព័ន្ធ​នឹង​យន្តហោះ​ប្រយុទ្ធ​ប្រភេទ​ J-16​ ចំនួន​ ១៤​ គ្រឿង​ និង​យន្តហោះ​ប្រយុទ្ធ​ប្រភេទ​ J-10​ ចំនួន​ ០៤​ គ្រឿង​ក៏​ដូច​ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ H-6K​ ចំនួន​ ៤​ គ្រឿង​ដែល​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ យន្តហោះ​ប្រឆាំង​នាវាមុជទឹក​ ២​ គ្រឿង​ និង​យន្តហោះ​ប្រកាស​សញ្ញា​អាសន្ន​០១​ គ្រឿង​។​

​នេះ​ជា​ការ​លុកលុយ​ប្រចាំ​ថ្ងៃ​ធំ​បំផុត​ចាប់តាំងពី​ពេល​ដែល​ក្រសួងការពារជាតិ​បាន​ចាប់ផ្តើម​រាយការណ៍​ពី​សកម្មភាព​លុកលុយ​របស់​កងទ័ពអាកាស​ចិន​នៅ​ក្នុង​តំបន់​ ADIZ​ របស់​តៃវ៉ាន់​កាលពី​ឆ្នាំ​មុន​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​បន្ថែម​ទៀត​ថា​ ខ្លួន​បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​ទៅ​ស្ទាក់​ និង​ព្រមាន​យន្តហោះ​ចម្បាំង​ចិន​ខណៈ​ដែល​ប្រព័ន្ធ​មី​ស៊ី​ល​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​នេះ​ផង​ដែរ​។​

​យោង​តាម​ផែនទី​ដែល​ក្រសួងការពារជាតិ​បាន​ផ្តល់​ឲ្យ​ យន្តហោះ​ចិន​ទាំងនោះ​បាន​ហោះហើរ​នៅ​តំបន់​ជិត​កោះ​ Pratas​ ។​
​កាលពី​អតីតកាល​ ប្រទេស​ចិន​បាន​ពណ៌នា​ថា​ បេសកកម្ម​ហោះហើរ​នេះ​ធ្វើ​ឡើង​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​ និង​ដោះស្រាយ​ “​ការ​ឃុបឃិត​គ្នា​”​ រវាង​ទីក្រុង​តៃប៉ិ​ និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ៕

មតិយោបល់