ចាប់តាំងពីលោកចូ បៃដិន បានឡើងកាន់តំណែងជាប្រធានាធីបតីអាមេរិកកាលពីចុងខែមករា ឆ្នាំ ២០២១ នេះមក គេសង្កេតឃើញថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ហើយនិងប្រទេសរុស្ស៊ីបានចាប់កើនកម្តៅនឹងគ្នា។
លោកចូ បៃដិន មានលក្ខណៈពិសេសមួយខុសពីអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។ ចំណុចពិសេសនោះនៅត្រង់ថាលោកដូណាល់ ត្រាំ មានគោលនយោបាយការបរទេសប្រឆាំងនឹងចិនខ្លាំង តែហាក់បីដូចជាយោគយល់រុស្ស៊ីច្រើន។

ចំណែកលោកបៃដិនវិញ រដ្ឋបាលអាមេរិករបស់លោកនៅតែប្រកាន់ជំហរប្រឆាំងចិន ហើយក៏មិនស្លូតដាក់រុស្ស៊ីដែរ ប្រសិនបើរុស្ស៊ីធ្វើអ្វីមួយប៉ះពាល់ដល់អាមេរិក។ នៅដើមសប្តាហ៍នេះ លោកបៃដិនបានគូសបញ្ជាក់ថា អាមេរិកមិនអាចអនុញ្ញាតឲ្យអំណាចបរទេសណាមួយជ្រៀតជ្រែកក្នុងដំណើរការប្រជាធិបតេយ្យរបស់អាមេរិកជាដាច់ខាត ហើយបើអ្នកណាហ៊ានបំពានអាមេរិក អ្នកនោះនឹងត្រូវតែបង់ថ្លៃចំពោះទង្វើពួកគេ។

កាលពីខែមុនលោកបៃដិនធ្លាប់បានលើកឡើងជាសាធារណៈថា ប្រធានាធិបតីរុស្ស៊ីលោកពូទីន ជាឃាតករហូតធ្វើឲ្យផ្ទុះវិបត្តិការទូតរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី។
ចំណែកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះវិញ លោកចូ បៃដិន បានចេញបញ្ជាឲ្យបណ្តេញមន្ត្រីការទូតរុស្ស៊ីចំនួន ១០រូបចេញពីប្រទេស ក្នុងនោះមានទាំងចារបុរសផង ។ បន្ថែមពីលើនេះ អាមេរិកក៏បានប្រកាសផងដែរដាក់ទណ្ឌកម្មនឹងប្រឆាំងក្រុមហ៊ុន ព្រមទាំងបុគ្គលជាច្រើនប្រមាណ ៣២ ដើម្បីសងសឹករុស្ស៊ី។
ជាការសងសឹកដែលក្រុងវ៉ាស៊ីនតោន និយាយថាវិមានក្រឹមឡាំងបានឲ្យប៉ះពាល់សហរដ្ឋអាមេរិក ដូចជាតាមរយៈ ការចូលជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ការវាយប្រហារតាមអ៊ីនធ័រនែតទ្រង់ទ្រាយធំ បូករួមទាំងសកម្មភាពអរិភាពផ្សេងទៀត។ សកម្មភាពអរិភាព គឺអាមេរិកចង់សំដៅដល់ទង្វើទាំងឡាយណាដែលរុស្ស៊ីធ្វើឡើង ក្នុងគោលបំណងប្រឆាំងទល់នឹងខ្លួន។

ចំណាត់ការថ្មីចុងក្រោយរបស់លោក ចូបៃដិនប្រឆាំងនឹងរុស្ស៊ី បានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលលោក បាននិយាយជាមួយលោកពូទីន។ កាលពីថ្ងៃអង្គារ លោកបៃដិន បានហៅទូរសព្ទទៅសមភាគីលោកពូទីន ដោយស្នើឲ្យមានជំនួបកំពូលដើម្បីដោះស្រាយជម្លោះ និងបានប្រាប់រដ្ឋាភិបាលក្រុងមូស្គូផងដែរឲ្យបន្ថូរបន្ថយភាពតានតឹងនៅអ៊ុយក្រែន ដោយសារតែការចល័តទ័ពរុស្ស៊ី។
មតិយោបល់