ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ២៥ខ្នង និងអគារអធិការដ្ឋាននគរបាល ត្រូវភ្លៀងលាយខ្យល់កន្រ្តាក់ បណ្តាលឲ្យរងការខូចខាត

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទី ក្នុងស្រុករតនមណ្ឌល មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់កើតឡើង១លើក ដែលធ្វើឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន២៥ខ្នងផ្ទះ ។

ក្នុងនោះរួមមាន នៅឃុំស្ដៅខូចខាតផ្ទះពលរដ្ឋចំនួន ២៣ខ្នង និងឃុំអណ្ដើកហែលខូចខាតផ្ទះពលរដ្ឋចំនួន០២ខ្នង ។ ដោយឡែកក្នុងអធិការដ្ឋាននគរបាល ស្រុករតនមណ្ឌលក៏ទទួលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ដែរ បានធ្វើឲ្យខូចខាត រលំដងអង់តែន វិទ្យុទាក់ទង ប៉ះចំអគារធ្វើការ និងបាក់ផ្លាកខ្លោងទ្វារអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុក បានចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាត ដើម្បីត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ ជូនម្ចាស់ឡើងវិញ ៕

មតិយោបល់