ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន លុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ដោយសារកូវីដ-១៩

 

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃចន្ទនេះបានសម្រេចចិត្តលុបចោលការបំពេញដំណើរទស្សនកិច្ចទៅកាន់ ប្រទេសដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ ដោយសារបារម្ភពីស្ថានការណ៍ COVID-19 បច្ចុប្បន្នក្នុង ប្រទេសមួយនេះ។

សេចក្ដីថ្លែងការណ៍រួមគ្នាមួយរបស់រដ្ឋាភិបាលអង់គ្លេស និងឥណ្ឌាបានគូសបញ្ជាក់ដូច្នេះថា៖ «ដោយសារបារម្ភពីស្ថានការណ៍ COVID-19 បច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន នឹងមិនអាចបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌានៅសប្ដាហ៍ក្រោយឡើយ»។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី និងលោក ចនសុន នឹងបើកកិច្ចពិភាក្សាមួយពីចម្ងាយតាមវីដេអូនៅក្នុងខែមេសានេះលើការឯកភាពគ្នា និងប្រកាសដាក់ចេញផែនការដ៏មានមហិច្ឆិតារបស់អ្នកទាំង២ សម្រាប់អនាគតនៃភាពជាដៃគូរវាងចក្រភពអង់គ្លេស និងឥណ្ឌា»។

ឥណ្ឌា នៅថ្ងៃចន្ទនេះដែរបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ ២៧៣,៨១០នាក់បន្ថែមទៀត ក្នុងរយៈពេលតែ២៤ម៉ោង កន្លងទៅនេះប៉ុណ្ណោះ ដែលនាំឲ្យចំនួនករណីឆ្លងទូទាំងប្រទេសកើនឡើងដល់ ១៥,០៥៧,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៧៨,៧៦៩នាក់ និងជាសះស្បើយឡើងវិញជិត ១៣,០០០,០០០នាក់៕

Reuters៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់