ព័ត៌មានជាតិ

តើ​មេរោគកូវីដ​បំប្លែង​ខ្លួន​ឥណ្ឌា​ កាច​ខ្លាំង និង​ឆ្លង​ខ្លាំង​ ជាងវីរុស​កូវីដផ្សេង​ទៀត​ឬ ?

គិត​ត្រឹម​ថ្ងៃទី ២៤​មេសា វេលា​ម៉ោង ១៧និង​៤៥នាទី ម៉ោង​សកល ពិភពលោក​បាន​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូវីដ​១៩ ជូនប្រជាពលរដ្ឋបាន​ជាង​១ពាន់​លាន​ដូស នៅ​ក្នុង​២០៧​ប្រទេស។ ប៉ុន្តែ​ករណីឆ្លង​កូវីដ​១៩​ថ្មី ក៏​បាន​​កើន​ឡើង​​យ៉ាង​ខ្លាំងដែរ ដល់​ទៅ​ជិត​៩សែន​នាក់​ក្នុង​រយៈ​ពេល​២៤ម៉ោង​ចុងក្រោយ​នេះ ក្នុង​នោះជិត​៣សែន​៥ម៉ឺន​ករណី នៅ​ឥណ្ឌា។ អាមេរិក​បានប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ដល់​រដ្ឋាភិបាល និង​ពលករ​ផ្នែក​សុខាភិបាល​ឥណ្ឌា។ ចំណែកអឺរ៉ុបដែល​កំពុង​វក់វី​ខ្លាំង​នឹង​ការ​ចម្លង​កូវីដ​១៩​ដែរ​នោះ ចាប់ពិចារណា​បើក​ប្រទេស​ឡើង​វិញ​ តែ​​កំពុង​ប្រយ័ត្ន​ខ្លាំង​ខ្លាច​​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ឥណ្ឌា​​ចូល​មក។

កូវីដ​១៩ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​បីលាន​នាក់ មិនបាន​បន្ថយ​ល្បឿនចម្លង​ទេ។ ​តាំង​ពី​ប៉ុន្មានថ្ងៃ​មកនេះ ចំនួន​អ្នក​ឆ្លង​ថ្មី​ និង​ចំនួនអ្នកស្លាប់កើន​ឡើង​ខ្លាំង​បំផុតដែរ ជាពិសេស​នៅ​ឥណ្ឌា​តែម្តង។​ នៅ​ឥណ្ឌា បាន​ឡើង​ដល់​កំរិតកំពូល​បំបែកកំណត់​ត្រា​ពិភពលោកជា​រៀង​រាល់ថ្ងៃ។ ក្នុង​មួយ​ថ្ងៃសៅរ៍​ទី ២៤​មេសា​ម្សិលមិញ ឥណ្ឌា​រាប់​ឃើញ​មាន​អ្នកឆ្លងថ្មី​ប្រមាណ ៣៤ ៦៧៦៦ នាក់ ពោល​គឺ​ជាង​មួយភាគបី​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី​សរុប​នៅ​លើ​ពិភពលោក និង​អ្នក​ស្លាប់ថ្មី​បន្ថែម​ចំនួន ២៧៦៧នាក់។​ មន្ទីរ​ពេទ្យ​ឥណ្ឌា​ខ្វះ​សព្វ​ខ្វះ​គ្រប់ ជាពិសេស​គឺខ្វះអុកស៊ីហ្សែន​តែម្តង។ ពេល​នេះ​រដ្ឋាភិបាល​ឥណ្ឌាបានសម្រេចពន្យារពេល​បិទខ្ទប់​រដ្ឋធានី​បន្ត​ទៀត​សិន និង​​បាន​បញ្ចេញ​ យន្តហោះ និង​រថភ្លើង​ ​យោធា ដើម្បី​ដឹកជញ្ជូន​សម្ភារៈ​បរិក្ខារពេទ្យ ខ្យល់​អុកស៊ីហ្សែន ពី​តំបន់​ផ្សេង និង​ប្រទេស​ផ្សេង​មកជា​ជំនួយ។ ប្រឈមនឹង​សន្ទុះ​ចម្លង​យ៉ាង​គំហុក​ដូច្នេះ សហរដ្ឋ​អាមេរិក​ ក៏​បាន​ប្រកាសគ្រោង​ផ្តល់​ជំនួយ​បន្ថែម​ដល់​រដ្ឋាភិបាល​ និង​សេវា​សុខាភិបាល​ឥណ្ឌា​​ ដែល​នឹងទៅ​ដល់​ក្នុង​ពេល​ឆាប់ៗ។ អាមេរិក​ចង់​ធ្វើ​យ៉ាង​ណា​ជួយ​ឥណ្ឌាឱ្យធានាបាន​ការ​​បន្ត​ផលិត​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូវីដ។ ក្រៅ​​ពីអាមេរិក សហភាពអឺរ៉ុប​ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​ឥណ្ឌា​ដែរ​។

សម្រាប់អ្នក​ជំនាញ ករណី​ឆ្លង​ថ្មី​​នៅឥណ្ឌា​នេះ ​ទំនង​ជា​ច្រើន​ជាងតួលេខនេះ​ឆ្ងាយ​ណាស់ ហើយ​អាច​នឹង​បន្តកើន​ឡើង​ ជា​ច្រើន​ថ្ងៃ​ខាងមុខទៀត។ មូលហេតុធំ​ដែលនាំ​ឱ្យ​មាន​ការ​ចម្លង​រាតត្បាត​ខ្លាំង គឺ​មេរោគបំប្លែងខ្លួន​និង​ការបណ្តោយ​ឱ្យ​មានកា​រជួបជុំ​ប្រារព្វ​ពិធីសាសនា។

​ករណី​មេរោគកូវីដ​បំប្លែង​ខ្លួនឥណ្ឌា មាន​ច្រើន​។ តែ​មេរោគ​បំប្លែង​ខ្លួន ដ៏​​ចំបង​ ដែលកំពុង​ធ្វើ​ចរាចរណ៍​​​ខ្លាំងជាងគេ​​នោះ មាន​ការ​បំប្លែង​ខ្លួន​ទ្វេដង។ ប្រូតេអ៊ីន​អេស ដែល​ជា​ភ្នាក់ងារ​ចម្លង​របស់​មេរោគSars-Cov-2​នៃ​ជំងឺ​កូវីដ​១៩ បំប្លែង​ទម្រង់​ដល់​ពីរ​យ៉ាង មួយ​មាន​លក្ខណៈ​ស្រដៀង​នឹងមេរោគកូវីដបំប្លែង​ខ្លួន​អាហ្វ្រិក​ខាងត្បូង និង​មួយ​ទៀត​ស្រដៀង​នឹង​មេរោគ​បំប្លែងខ្លួន​នៅ​កាលីហ្វ័រញ៉ា។ ដោយ​សារ​មាន​លក្ខណៈ​ពិសេស​ចេះ​បំប្លែង​ខ្លួន​ឌុប​អ៊ីចឹង មេរោគ​កូវីដបំប្លែង​ខ្លួន​ឥណ្ឌា មានសមត្ថភាពចម្លង​លឿន​និង​ខ្លាំង​ជា​មេរោគ​​កូវីដ​ដើម ឬ​កូវីដបំប្លែង​អង់គ្លេស អាហ្វ្រិក​ខាងត្បូង​ឬ​ប្រេស៊ីល។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​នៅ​មិន​ទាន់មាន​ទិន្នន័យ​ឬ សន្និដ្ឋាន​ ​ថា​មេរោគកូវីដ​បំប្លែង​ខ្លួន​ឥណ្ឌា​កំណាចអាច​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង បាន​នៅ​ឡើយទេ។ អ្វី​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​មួយ​ទៀតនោះ គឺ​មាន​សញ្ញា​ដែល​បញ្ជាក់​ថា​វ៉ាក់សាំងនាពេល​បច្ចុប្បន្ន មិន​អាច​ទប់​និង​ការពារពី​កូវីដបំប្លែង​ខ្លួន​ឥណ្ឌា បាន​ទេ។ ហើយ​ឥលូវ មេរោគកូវីដ​បំប្លែង​ខ្លួន​ឥណ្ឌា​នេះបាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជាង២០​ហើយ មាន​ជាអាទ៍​បែលហ្សិក និង​ស្វីស។

មតិយោបល់