ភ្នំពេញ ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនបុរសម្នាក់រស់នៅខណ្ឌបឹងកេងកង ក្រោយពីព្យាបាលសះស្បើយពីជំងឺកូវីដ-១៩ ទៅចាត់ការតាមផ្លូវច្បាប់ ករណីបុរសនេះគ្រូពេទ្យតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងផ្ទះ បែរជាលួចគេចចេញទៅចូលរួមពីមង្គលការមិត្តភក្តិនៅខេត្តកំពត និងទីកន្លែងមួយចំនួនទៀត ខណៈវត្ថុសំណាករបស់បុរសរូបនេះធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ ប្រាប់ឱ្យដឹងថា បុរសខាងលើឈ្មោះ លាន់ ឡា ភេទប្រុស អាយុ២៣ឆ្នាំ ប្រកបមុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួល ផ្លូវ១០០៥ កែង៣៦៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញផែនការងារសន្តិសុខ បញ្ជូនទៅតុលាការ ហើយនៅថ្ងៃដដែលត្រូវបានចៅក្រមស៊ើបសួរ លោក កូយ សៅ បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំសម្រេចបទបញ្ជាថ្មីទៀត ។ បុរសរូបនេះរងការចោទប្រកាន់ពីបទ មិនអនុវត្តតាមវិធានការក្រសួងសុខាភិបាល គេចវេសមិនធ្វើចត្តាឡីស័ក ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៧ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។
កិច្ចងារងារនេះគឺ ក្រុមការងារគណៈកម្មាការអន្តរក្រសួង ដើម្បីប្រយុទ្ធជំងឺកូវីដ១៩ជាអ្នកកសាងសំណុំរឿងបញ្ជូនបុគ្គលមិនអនុវត្តតាមវិធានសុខាភិបាលដើម្បីយកទៅអនុវត្តតាមនីតិវិធី ។
នៅពេលនេះ បុគ្គលឈ្មោះ លាន់ ឡា ហៅ ឡា ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ដោយសារតែបុគ្គលនេះ៖
១. ក្រោយយកសំណាក ធ្វើតេស្ដរកមេរោគកូវីដ-១៩ រួចហើយ គ្រូពេទ្យតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅផ្ទះរង់ចាំលទ្ធផល តែបែរជាដើរហើរទៅស្ទឹម, ស្ប៉ា, ក្លឹបហាត់ប្រាណ និងទៅចូលរួមពិធីមង្គលការនៅខេត្តកំពត។
២. ក្រោយគ្រូពេទ្យទាក់ទងទៅប្រាប់ថា វិជ្ជមានកូវីដ-១៩ រួចមក បុគ្គលរូបនេះ បានបបួលមិត្តភក្តិចំនួន ៥នាក់ ជិះឡានត្រឡប់មកភ្នំពេញវិញ។
អំពើល្មើសរបស់បុគ្គលឈ្មោះ លាន់ ឡា បានធ្វើឲ្យប្រជាពលរដ្ឋចំនួន ២០០នាក់ ត្រូវធ្វើចត្តាឡីស័ក និងមនុស្សចំនួន ៣នាក់ ជិះឡានជាមួយនៅពេលនោះ ឆ្លងមេរោគកូវីដ១៩។
មាត្រា៩ នៃច្បាប់*៖ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ។
មាត្រា១៣ និងកថាខណ្ឌ ៣ មាត្រា ២២ នៃអនុក្រឹត្យ*៖ បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥ សែនរៀល ទៅ ២លានរៀន។
ច្បាប់៖ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
អនុក្រឹត្យ៖ អនុក្រឹត្យស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
មតិយោបល់