ព្រះសីហនុៈ មុខសញ្ញាចោរឆក់ សម្ភារៈភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅតាមឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ត្រូវបាន កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបបានមួយសំបុក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៦។
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលចុះបង្ក្រាបផ្ទាល់ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា នៅម៉ោង២ទៀបភ្លឺ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅឆ្នេរសមុទ្រអូរឈើទាល ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីចោរកម្ម ឆក់ទូរសព្ទភ្ញៀវទេសចរភ្លាម កម្លាំងការិយាល័យកណ្តាលនគរបាលកម្រិតស្រាល បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ លេខ៤ ធ្វើការស្រាវជ្រាវស៊ើបអង្កេត ចាប់បានជនសង្ស័យចំនួន៤នាក់ ១.ឈ្មោះ ផល ជា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ គ្មាន (ជនដៃដល់) ២.ឈ្មោះ មាស សៀងម៉ៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន (សហចារី) ៣.ឈ្មោះ វង់ រាជ្យ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន (សហចារី) និង៤.ឈ្មោះ ញឹម ប៊ុនថេន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន (សហចារី)។ ជនសង្ស័យទាំង៤នាក់ ខាងលើនេះ ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ច បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៤នាក់ខាងលើ ជាជនសកម្មតែងតែធ្វើសកម្មភាព លួច ឆក់ សម្ភារៈ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទេសចរណ៍លេងកម្សាន្តនៅតាមឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ជាញឹកញាប់។ វត្ថុតាងចាប់យកបាន ១.ទូរសព្ទដៃ ម៉ាក I-Phone 6 ១គ្រឿង (ផលចោរកម្ម) ២.ម៉ូតូចំនួន២គ្រឿង (ម៉ាកវ៉េវ និងសេ១២៥ ) គឺជាមធ្យោបាយធ្វើសកម្មភាព លួច ឆក់ ។ បច្ចុប្បន្ន ជនសង្ស័យ ខាងលើកំពុងបន្តនីតិវិធី និងបញ្ជូនទៅតុលាការ៕



មតិយោបល់