ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានថា រដ្ឋាភិបាលចិនផ្ដល់ជំនួយឱសថបុរាណចិន Lianhua Qingwen ចំនួន ៨៨០០០ ប្រអប់ ជូនរាជរដ្ឋាភិបាលកម្ពុជា

 

 

 

​​​ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១
វេលាម៉ោង០៩:៣០នាទីព្រឹក ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ
ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ
ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឱសថបុរាណចិន Lianhua Qingwen
Capsules ចំនួន 88,000ប្រអប់ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការសម្របសម្រួលយ៉ាងសកម្មរបស់ស្ថានទូតភាគីមិត្តចិន ប្រចាំនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ
បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យ
ទាំងអស់ ជាពិសេសវិស័យសុខាភិបាលបានទទួលនូវជំនួយឥតសំណងយ៉ាងច្រើនឥតគណនា និយាយជារួម និង
ការជួយឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងបច្ចេកទេស ថវិកា និងឧបករណ៍សម្ភារ:បរិក្ខារវេជ្ជសាស្ត្រ រួមទាំងវ៉ាក់បង្ការជំងឺកូវីដ-១៩ និយាយដោយឡែក។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន
ជាពិសេស ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ
កម្ពុជា ដែលតែងតែសម្របសម្រួលក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មចិននៅកម្ពុជា ចំពោះការផ្តល់អំណោយ
មនុស្សធម៌ជាឱសថបុរាណចិន Lianhua Qingwen Capsules ដល់ក្រសួងសុខាភិបាល នាពេលនេះ។

មតិយោបល់