ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការពិន័យអន្តរការណ៍ចំពោះបុគ្គលចំនួន០៣នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។
យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធាន ការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ
កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព»។
ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួនឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។
រដ្ឋបាលខេត្តព្រះសីហនុ សូមសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍៕
មតិយោបល់