ព័ត៌មានជាតិ

បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋតាមផែនការរបស់គណៈកម្មការចំពោះកិច្ចកងទ័ពជើងគោក

នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១ មណ្ឌលចាក់វ៉ាក់សាំង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ទាំងពីរគោលដៅបានដំណើរការព្រមៗគ្នានៅព្រឹកម៉ោង ៧:00 នាទី ផ្ដល់សេវាវ៉ាក់សាំងជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ តាមផែនការគ្រោងទុករបស់ថ្នាក់លើ ។ ដោយគោលដៅទី១ មានទីតាំងស្ថិតនៅក្នុងបន្ទាយការពារអាកាស ទួលត្រាច ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងគោលដៅទី២ មានទីតាំងស្ថិតនៅក្នុងវត្ត តាំងក្រសាំងខាងជើង ស្ថិតនៅក្នុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារចាក់វ៉ាក់សាំងទាំងពីរគោលដៅបានសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ដើម្បីធានាដល់ការសម្របសម្រួលនីតិវិធីបំរើអោយការផ្ដល់សេវាវ៉ាក់សាំងដល់ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងមានតម្លាភាពតាមការគ្រោងទុក ក្នុងនោះផងដែរក៏មានការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់អំពីគោលការណ៍របស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាពិសេសណែនាំរក្សាគម្លាតសង្គមពេលដែលបងប្អូនមកទទួលសេវាវ៉ាក់សាំងមានចំនួនកកកុញច្រើនដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩។
ជាបន្តបន្ទាប់យើងបានផ្សព្វផ្សាយបន្ថែមនៅខ្លឹមសារក្រោយពីបងប្អូនបានទទួលសេវាវ៉ាក់សាំងលើកទីមួយហើយ សូមឱ្យបងប្អូនគោរពអំពីលក្ខខណ្ឌនៃការតមចំណីអាហារដើម្បីរក្សាគុណភាពវ៉ាក់សាំង និងឲ្យបងប្អូនគោរពពេលវេលាណាត់ចាក់ដើម្បីចូលរួមទទួលវ៉ាក់សាំងលើកទី២ទៀត ហើយសូមកុំភ្លេចទោះបីទទួលសេវាវ៉ាក់សាំងរួចហើយក៏ដោយក៏នៅតែបន្តអនុវត្តន៍វិធានការការពាររបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនដដែល។
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕

មតិយោបល់