ក្រុមប្រឹក្សាសន្តិសុខបានទាមទារ ឲ្យរបបសិកភូមា ត្រូវតែគោរព និងអនុវត្តឲ្យបានឆាប់ជាទីបំផុត នូវផែនការដោះស្រាយវិបត្តិទាំងង៥ចំណុច ដែលក្រុមប្រទេសអាស៊ាន បានស្នើនៅក្នុងកិច្ចប្រជុំនៅក្រុងចាការតា កាលពីថ្ងៃទី២៤មេសា។ ផែនការទាំងនោះ មានជាអាទិ៍ ការបញ្ឈប់ជាភ្លាមនូវអំពើហិង្សា ព្រមទាំងបើកផ្លូវ ឲ្យតំណាងរបស់អាស៊ាន ចូលទៅភូមា ដើម្បីពិនិត្យស្ថានការណ៍ ហើយឈានទៅបើកផ្លូវចរចានយោបាយ។
គួរបញ្ជាក់ សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខនេះ គឺបានធ្វើឡើង បន្ទាប់ពីមានការប្រជុំបិទទ្វារកាលពីព្រឹកថ្ងៃសុក្រ ទី៣០មេសា។ មន្ត្រីទូតម្នាក់បានបញ្ជាក់ថា សេចក្តីសម្រេចនេះ មានលក្ខណៈធូរស្រាលជាងអត្ថបទដំបូងទីមួយ ដោយសារតែ ចិន និង រុស្ស៊ីបានទាមទារ កុំឲ្យប្រើពាក្យធ្ងន់ៗពេក ទៅលើកងទ័ពភូមា។ ប្រភពដដែលអះអាងថា ក្រុមប្រឹក្សាសន្តិសុខ គ្មានជំរើសអ្វីផ្សេងទេ ក្រៅតែពីសុខចិត្តធ្វើតាមការទាមទាររបស់ចិន។ ធ្វើបែបនេះ គឺដើម្បីឲ្យមានការសម្រេចជាឯកច្ឆ័ន្ទ ចេញជាសេចក្តីប្រកាសរួមមួយ។

គួរកត់សំគាល់ថា នៅក្នុងអត្ថបទទីមួយ ដែលបណ្តាញព័ត៌មានបារាំង AFP ទទួលបាន គឺមានសរសេរសថា ក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការប្រើកម្លាំងបង្រ្កាបបាតុករស្លូតត្រង់ ពីសំណាក់កងទ័ពភូមា និងទាមទារឲ្យកងទ័ពត្រូវតែអត់ធ្មត់។ ក៏ប៉ុន្តែឃ្លាទាំងនេះ ត្រូវគេលុបចេញវិញ នៅក្នុងអត្ថបទចុងក្រោយ។
សូមរំលឹកថា គិតមកត្រឹមពេលនេះ ក្រុមប្រឹក្សាសន្តិសុខ បានចេញសេចក្តីប្រកាសចំនួន៤មកហើយ ទាក់ទិននឹងវិបត្តិនៅភូមា។ នៅក្នុងសេចក្តីប្រកាសចុងក្រោយ កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខ ក៏បានស្នើផងដែរ ឲ្យរបបសិកភូមា ត្រូវបើកទ្វារទទួលលោកស្រី Christine Schraner Burgener ប្រេសិតពិសេសតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការភូមា។

គួរបញ្ជាក់ដែរថា កាលពីពេលប្រជុំនៅក្រុងចាការតា លោកស្រី Christine Schraner Burgener បានជួបនិយាយដោយផ្ទាល់ ជាមួយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង និងបានស្នើសុំចូលទៅភូមា តែត្រូវបានមេរបបសិកភូមារូបនេះ បដិសេធ។ យោងតាមប្រភពពីមន្ត្រីការទូតអាស៊ានម្នាក់ បានអះអាងថា រដ្ឋាភិបាលប្រ៊ុយណេ ដែលជាប្រធានវិលជុំអាស៊ានបច្ចុប្បន្ននេះ មានគម្រោងស្នើទៅរបបសិកភូមា ឲ្យអនុញ្ញាតការធ្វើដំណើររួមគ្នាតែម្តង រវាងលោកស្រីប្រេសិតតំណាងអង្គការសហប្រជាជាតិ និងអ្នកតំណាងអាស៊ាន៕
មតិយោបល់