ព័ត៌មានជាតិ

ឥណ្ឌាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃ ៣៥៧,២២៩នាក់, អ្នកឆ្លងសរុបកើនលើស ២០លាននាក់

 

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារ ទី០៤ ខែឧសភានេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣៥៧,២២៩នាក់បន្ថែមទៀត នៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះនាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ២០.៣លាននាក់។

អ្នកជំងឺ COVID-19 ចំនួន ៣,៤៤៩នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២២២,៤០៨នាក់។ ក្រុមអ្នកជំនាញនៅតែអះអាងថា ចំនួនអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ អាចមានច្រើនជាងតួលេខដែលត្រូវបានប្រកាស ប្រសិនបើការធ្វើតេស្ត និងរាប់ចំនួនអ្នកស្លាប់មានភាពលម្អិតជាងនេះ។

ការឆ្លងរាតត្បាតដ៏អាក្រក់បំផុត នៅក្នុងពិភពលោក ដែលបាននិងកំពុងកើតឡើងក្នុងប្រទេសឥណ្ឌា ត្រូវបានគេអះអាងថាបណ្ដាលមកកត្តាគួបផ្សំក្នុងនោះរួមមាន ការមិនអនុវត្តវិធានការបិទខ្ទប់, ការរាតត្បាតវីរុស COVID-19 បំប្លែងថ្មីនៅក្នុងប្រទេសឥណ្ឌាផ្ទាល់, ការប្រារព្ធពិធីបុណ្យសាសនា ដែលមានរយៈពេលពេញមួយខែមេសា និងការជួបជុំនៃក្រុមអ្នកគាំទ្រគណបក្សនយោបាយ។

គិតចាប់តាំងពីចុងខែមីនា រហូតដល់ដើមខែឧសភានេះ ប្រទេសឥណ្ឌាទាំងមូលបានបូកបន្ថែមករណីឆ្លង COVID-19 រហូតដល់ទៅជាង ៨លានករណីបន្ថែមទៀត៕

Reuters៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១

 

មតិយោបល់