នៅទីក្រុងឡុងដ៍ លោកអង់តូនី ប្លីងកិន បានជួបនិយាយគ្នាដាច់ដោយឡែក ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស កូរ៉េខាងត្បូង និងជប៉ុន។ ក្នុងចំណោមសំណុំរឿង ដែលគេលើកមកនិយាយ នៅក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 គឺមានជាអាទិ៍ សំណុំរឿងកូរ៉េខាងជើង បញ្ហាវិបត្តិនៅភូមា ព្រមទាំងបញ្ហាឥទ្ធិពលរបស់ចិន និងរុស្ស៊ី។
ទាក់ទិននឹងបញ្ហាកូរ៉េខាងជើង លោក រដ្ឋមន្ត្រីការបរទេសអាេមរិក បានថ្លែងថា លោកសង្ឃឹមថា កូរ៉េខាងជើង នឹងឆក់យកឱកាសដ៏ល្អនេះ ដើម្បីចាប់ចាប់ផ្តើម វែកផ្លូវចរចាការទូត ជាមួយនឹងសហរដ្ឋអាេមរិក ដើម្បីឈានទៅដោះស្រាយសំណុំរឿងនុយក្លេអ៊ែរ។ លោកបានបន្ថែមថា អាេមរិកបានបើកទ្វារចំហរ បង្ហាញឆន្ទៈយ៉ាងច្បាស់ហើយ ថាចង់ផ្តល់អាទិភាពដល់មធ្យោបាយការទូត។ ដូច្នេះអំណេះតទៅ អ្វីៗគឺស្ថិតនៅលើកូរ៉េខាងជើង ថាតើចង់ដើរចូលតុចរចា ដែរឬទេ។ លោកបានបញ្ជាក់ថា ភាគីសហរដ្ឋអាមេរិក កំពុងរងចាំ ទទួលដំណឹងពីកូរ៉េខាងជើង ថាតើឆ្លើយតបយ៉ាងណា ហើយនិងយល់ព្រមធ្វើអ្វីខ្លះ ឲ្យជាក់ស្តែង ដើម្បីផ្តល់សង្ឃឹមដល់មធ្យោបាយការទូតនេះ។
គួរបញ្ជាក់ថា យោងតាមប្រភពពីក្រសួងការបរទេសអាេមរិក បានឲ្យដឹងថាកូរ៉េខាងត្បូង ព្រមទាំងជប៉ុន បានស្រុះស្រួលគ្នាជាមួយ រដ្ឋាភិបាលលោកចូ បៃដិន ក្នុងការកំណត់កម្មវត្ថុរួមមួយ គឺឈានទៅរុះរើទាំងស្រុង នូវកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
កាលពីសប្តាហ៍មុននេះ លោកស្រី ជេន សាគី អ្នកនាំពាក្យសេតវិមានអាមេរិក បានបញ្ជាក់ថា ក្នុងការដោះស្រាយសំណុំរឿងកូរ៉េខាងជើង គឺរដ្ឋបាលលោក ចូ បៃដិន ចង់ប្រើវិធីចរចាការទូត ដែលឆ្លើយតបនឹងតថៈភាពពិតជាក់ស្តែង មួយដំណាក់កាលម្តង។ ពោលគឺ មិនចង់ធ្វើដោយតក់ក្រហល់ ដើម្បីចង់បានកិច្ចព្រមព្រៀងធំមួយភ្លាមៗ ដូចកាលជំនាន់លោកដូណាល់ ត្រាំទេ តែក៏មិនសំងំអត់ធ្មត់យូរ ដូចកាលជំនាន់លោកអូបាម៉ាដែរ។
គួរកត់សំគាល់ថា រហូតមកទល់ពេលនេះ ភាគីកូរ៉េខាងជើង បានប្រកាសបិទផ្លូវចរចាទាំងអស់ ជាមួយសហរដ្ឋអាមេរិក។ លោក Kwon Jong Gun មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បានចាត់ទុក « នយោបាយចរចាតាមផ្លូវការទូត » ដែលស្នើដោយលោកចូ បៃដិន ថាគឺជារឿងបោកប្រាស់ លាក់ពុត ដើម្បីតែធ្វើបាប គំរាម និងកៀបសង្កត់មកលើកូរ៉េខាងជើងតែប៉ុណ្ណោះ៕
មតិយោបល់