ព័ត៌មានជាតិ

វ៉ាក់សាំង​​ស៊ីណូវ៉ាក់ចិន​ ត្រូវបានទីភ្នាក់​ងារ​ឱសថអឺរ៉ុប​ កំពុងត្រួតពិនិត្យ

ស៊ីណូវ៉ាក់​ គឺជា​វ៉ាកសាំង​ប្រឆាំង​កូវីដ​ដំបូងគេ​របស់​ចិន​ដែល​ត្រូវ​បាន​យកទៅ​ពិចារណា​អនុញ្ញាតឲ្យប្រើប្រាស់​នៅក្នុងទឹកដីអឺរ៉ុប​។ នៅថ្ងៃ​អង្គារ ទី៤ ឧសភា​ ឆ្នាំ២០២១​នេះ ទីភ្នាក់​ងារ​ឱសថអឺរ៉ុប​បាន​ប្រកាសឲ្យដឹង​ពី​ការ​សម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​ចាប់ផ្តើម​ពិនិត្យមើល​ប្រសិទ្ធភាព​ និង​សុវត្ថិភាព ​វ៉ាក់សាំង​​ស៊ីណូវ៉ាក់ចិន​ ដោយ​ផ្អែកលើ​លទ្ធផល​បឋម​ដែល​បានមកពី​ការធ្វើតេស្តសាកល្បង​លើសត្វ​ និងមនុស្ស​។

លទ្ធផលបឋម​ខាងលើ​ បង្ហាញថា​វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​ចិនមាន​ផ្ទុក​មេរោគ​កូរ៉ណាវីរុស​ដែល​អសកម្ម​ ឬងាប់​ និង​អាច​បង្កើតនូវ​ប្រព័ន្ធភាពស៊ាំ​ក្នុង​រាងកាយរបស់មនុស្ស​ឲ្យប្រឆាំង​ទល់​នឹង​មេរោគ​កូរ៉ូណាវីរុស​បាន​។ នេះ​បើតាម​ទីភ្នាក់ងារ​អឺរ៉ុប​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​។

ទីភ្នាក់ងារឱសថអឺរ៉ុប​នឹង​បន្ត​ការពិនិត្យមើល​លើ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​រហូត​ដល់​មាន​ទិន្នន័យ​គ្រប់គ្រាន់​ មុន​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនឱសថ​ចិន​អាច​ដាក់​ពាក្យ​ស្នើសុំ​ធ្វើ​ចរាចរណ៍វ៉ាក់សាំង​លើ​ទីផ្សារ​អឺរ៉ុប​បាន​។

គួររំឭកជូនថា​ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យប្រើប្រាស់ដោយ​អាជ្ញាធរ​ចិន​កាល​ពី​ខែកុម្ភៈ​។ ហើយ​បើ​តាមទីភ្នាក់ងារព័ត៌មាន​ AFP​ បច្ចុប្បន្ននេះ​ វ៉ាក់សាំង​ស៊ីណូវ៉ាក់​កំពុង​ប្រើប្រាស់​ក្នុងប្រទេស​យ៉ាងតិច ២២​ នៅ​អាមេរិកឡាទីន​ អាហ្វ្រិក​ និង​អាស៊ី​។

ក្រៅពី​ទីភ្នាក់ងារ​ឱសថអឺរ៉ុប​ អង្គការ​សុខភាព​ពិភពលោក​ ក៏​កំពុង​ពិនិត្យ​មើល​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់ចិនដែរ​។ អង្គការ​សុខភាព​ពិភពលោក​កំពុង​ពិនិត្យ​វាយតម្លៃ​ពី​ប្រសិទ្ធភាព​វ៉ាក់សាំងចំនួន​ពីរ​របស់ចិន​ គឺ​វ៉ាក់សាំង​ស៊ីណូហ្វាម​ និងស៊ីណូវ៉ាក់​។ បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភព​លោក​អាចនឹង​សម្រេចថា​តើ​ទទួលស្គាល់​ឬ​មិន​ទទួល​គុណភាព​របស់​វ៉ាកសាំង​ចិន​នៅប៉ុន្មាន​ថ្ងៃខាងមុខ​។

គួរ​បញ្ជាក់ជូនដែរថា​ មកទល់នឹងពេលនេះ​ អង្គការសុខភាពពិភពលោក ទទួលស្គាល់​សុវត្ថិភាព​និងប្រសិទ្ធភាព វ៉ាក់សាំង​កូវីដផលិត​ដោយ​មន្ទីរ​ពិសោធន៍បួនគឺមន្ទីរ​ពិសោធន៍​​​ ​Pfizer, AstraZeneca, Johnson & Johnson និង Moderna៕

 

 

មតិយោបល់