ព័ត៌មានជាតិ

គ្រួសារកងទ័ពទូទាំងតំបន់ប្រតិបត្តិការសឹករងតាកែវ និងគ្រួសារកងរាជអាវុធហត្ថខេត្ត ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តាកែវ អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ដោយក្រុមគ្រូពេទ្យយោធភូមិភាគទី៣ សហការជាមួយ សុខាភិបាល តំបន់ប្រតិបត្តិការសឹករង តាកែវ ជូនដល់គ្រួសារកងទ័ព គ្រួសារកងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹកតាកែវ។
លោកមេបញ្ជាការ បានមានប្រសាសន៍ថា ដោយមើលឃើញបងប្អូន ជាគ្រួសារកងទ័ព ជាអ្នកដែលប្រឈមមុខងាយរងគ្រោះ និងមានហានិភ័យ ដោយសារកងទ័ពក្នុងដំណាក់កាលនេះ ត្រៀមខ្លួនជានិច្ច នឹងបានកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថាបងប្អូនដែលជាសមាជិក គ្រួសារកងទ័ព ក៏មានអាទិភាពក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺនេះផងដែរ និងដើម្បីសង្គ្រោះជីវិតរបស់ពួកគាត់មិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ-១៩។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តាកែវ បានក្រើនរំលឹក ដល់បងប្អូន ជាគ្រួសារកងទ័ព គ្រួសារកងរាជអាវុធហត្ថដែលបានចាក់វ៉ាក់សាំងលើកទី២រួចត្រូវតែគោរពថ្លែងអំណរគុណ និងដឹងគុណ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ កងកម្លាំង ក៏ដូចជាគ្រួសារកងទ័ពទូទាំងតំបន់ប្រតិបត្តិការសឹករង តាកែវ នាពេលនេះ។ ហើយបើទោះបីជា បងប្អូនបានទទួលការចាក់វ៉ាក់សាំងហើយយ៉ាងណាក្តី ត្រូវតែបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការនានា របស់ក្រសួងសុខាភិបាល ដែលបានដាក់ចុះ ជាពិសេសវិធានការ ៣កុំ ៣ការពារ និងបន្តការធ្វើអនាម័យដោយលាងដៃនិងសាប៊ូ អាល់កុល ជែល និងរក្សានៅគម្លាតសង្គមផងដែរ៕

មតិយោបល់