(Reuter) កាលពីថ្ងៃអង្គារ៍ ឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិបានប្រាប់សភាសហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោនគួរតែផ្តោតលើក្រុមហ៊ុនប្រេង និងឧស្ម័នរបស់រដ្ឋ និងធនាគាររដ្ឋក្នុងការដាក់ទណ្ឌកម្ម។

ឯកអគ្គរដ្ឋទូតលោក Kyaw Moe Tun តំណាងរបស់តំណាងរាស្ត្រដែលជាប់ឆ្នោតប្រឆាំងនឹងរបបយោធារបស់មីយ៉ាន់ម៉ាក៏បានព្រមានផងដែរថា វិបត្តិដែលបង្កឡើងដោយរដ្ឋប្រហារនាថ្ងៃទី ១ ខែកុម្ភៈនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។
រដ្ឋបាលរបស់ប្រធានាធិបតីលោក Biden បានបដិសេធមិនទទួលស្គាល់រដ្ឋប្រហារ និងដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍ដែលដឹកនាំធ្វើរដ្ឋប្រហារក៏ដូចជាសមាជិកគ្រួសារ និងអាជីវកម្មមួយចំនួនដែលផ្តល់ ចំណូលឲ្យពួកគេ។

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាបានប្រាប់គណៈកម្មាធិការកិច្ចការបរទេសរបស់សភាថា ក្រៅពីធនាគារ Myawaddy និងធនាគារ Innwa ដែលគ្រប់គ្រងដោយយោធា សហរដ្ឋអាមេរិកគួរតែដាក់ទណ្ឌកម្មលើធនាគារពាណិជ្ជកម្មបរទេសមីយ៉ាន់ម៉ា (MFTB) និងក្រុមហ៊ុនប្រេង និងឧស្ម័ន (MOGE)របស់មីយ៉ាន់ម៉ាផងដែរ ។

ក្រុមហ៊ុន MOGE ធ្វើប្រតិបត្តិការក្នុងតំបន់ឧស្ម័ននៅឯសមុទ្រដែលជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនអន្តរជាតិរួមទាំងក្រុមហ៊ុន Chevron ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនតូតាល់របស់បារាំងផងដែរ ហើយធនាគារពាណិជ្ជកម្មបរទេសមីយ៉ាន់ម៉ា (MFTB) ធ្វើប្រតិបត្តិការជារូបិយប័ណ្ណបរទេសសំរាប់រដ្ឋាភិបាលភូមា។
គួរបញ្ជាក់ផងដែរ ក្រុមតស៊ូមតិរបស់សមាគមជំនួយសម្រាប់អ្នកទោសនយោបាយនិយាយថា កម្លាំងសន្តិសុខបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៧៦៦ នាក់ចាប់តាំងពីរដ្ឋប្រហារដែលបានបង្កឲ្យមានការតវ៉ាទូទាំងប្រទេស៕
មតិយោបល់