ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយរថយន្តមួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ មកគៀរម៉ូតូម៉ាកវ៉េវ អាល់ហ្វា បណ្តាលឲ្យដួល មនុស្ស២នាក់រងរបួសធ្ងន់និងស្រាល រួចម៉ូតូបានដួលខ្ទាតមកបុក កង់ដែលកំពុងជិះដោយបុរសវិកលចរិកម្នាក់ ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ចំណែករថយន្តបង្ករគេចខ្លួនបាត់ ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៤៥នាទី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិស្វាយទោល ឃុំត្រពាំងជង ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៤-២០៥ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ អៀប ភក្ក្រ័ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងភូមិអូរព្រាល ឃុំមេរឹក (រងរបួសធ្ងន់) និងអ្នករួមដំណើរជាមួយមានឈ្មោះ ឃុន ភាស់ ភេទប្រុសអាយុ៣៥ឆ្នាំស្នាក់នៅភូមិឃុំជាមួយគ្នា(រងរបួសស្រាល) ។ ចំណែកអ្នកជិះកង់មានឈ្មោះ លី ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវបានគេអះអាងថា ជាបុរសវិកលចរិក (រងរបួសធ្ងន់) ហើយជនរងគ្រោះទាំង៣នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកស្រុកបាកាន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្ករ មិនចាំម៉ាកនិងស្លាកលេខមួយគ្រឿង បើកបរក្នុងល្បឿនលឿន ទិសដៅពីលិចមកកើត លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ករបានគៀរម៉ូតូជនរងគ្រោះម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលកំពុងជិះដោយបុរស២នាក់ ក្នុងទិសដៅស្របទិសគ្នានៅខាងមុខបណ្តាលឲ្យដួលខ្ទាតទៅបុកជាមួយនឹងកង់ ដែលកំពុងជិះដោយបុរសវិកលចរិកម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកទាំង៣នាក់ រងរបួសធ្ងន់និងស្រាលតែម្តង ចំណែករថយន្តបង្ករបើកគេចខ្លួនបាត់ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនិងបាននាំយកម៉ូតូជនរងគ្រោះរួមនិងកង់ យកមករក្សាទុកនៅប៉ុស្ត៏ត្រពាំងជង ដើម្បីស្រាវជ្រាវចាប់រថយន្តបង្ករយកមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
មតិយោបល់