អំពើភេរវកម្មបំផ្ទុះគ្រាប់បែកក្នុងវិហារអ៊ីស្លាមនៅជាយក្រុងកាប៊ូលបានកើតឡើង ខណៈដែលអ្នកកាន់សាសនាអ៊ីស្លាមកំពុងសូត្រធម៌នារសៀលថ្ងៃសុក្រ ទី១៤ ឧសភា និងត្រៀមបិទបញ្ចប់ពិធីតមអាហារនៅថ្ងៃសៅរ៍ ទី១៥ ឧសភា។ នេះជាការកត់សម្គាល់ទី១។ ចំណែកការកត់សម្គាល់ទី២ មានពីរចំណុច ទី១ អំពើភេរវកម្មបំផ្ទុះគ្រាប់បែកពេលនេះបានកើតមានឡើង ចំពេលដែលរដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងចលនាឧទ្ទាមតាលីបង់ទើបបានចុះកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៣ថ្ងៃដោយរាប់ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៣ ឧសភា និងចំណុចទី២ អំពើភេរវកម្មបំផ្ទុះគ្រាប់បែកពេលនេះបានកើតមានឡើង ខណៈដែលអាមេរិកទើបបានដកទ័ពរបស់ខ្លួនទាំងអស់ចេញពីមូលដ្ឋានយោធាក្នុងខេត្តកង់ដាហារកាលពីថ្ងៃពុធ ទី១២ ឧសភា។

ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយលោកខូយ៉ា យ៉ាយ៉ា អាឡាវី អ្នកនាំពាក្យកងទ័ពអាហ្វហ្កានីស្ថានក្នុងខេត្តកង់ដាហារ។ តាមលោកអាឡាវី ពិធីប្រគល់មូលដ្ឋានយោធារវាងទ័ពអាមេរិក និងទ័ពអាហ្វហ្កានីស្ថានត្រូវធ្វើនៅក្រោយការបិទបញ្ចប់ពិធីតមអាហាររបស់អ្នកកាន់សាសនាអ៊ីស្លាម។ គួររម្លឹកថា មូលដ្ឋានយោធាក្នុងខេត្តកង់ដាហារជាមូលដ្ឋានយោធាដ៏សំខាន់ទី២ ដែលបម្រើឲ្យកម្លាំងទ័ពអាមេរិក និងកម្លាំងទ័ពអន្តរជាតិក្នុងទឹកដីអាហ្វហ្កានីស្ថាន។

មួយវិញទៀត ខេត្តកងដាហារដែលស្ថិតនៅប៉ែកខាងត្បូងប្រទេសធ្លាប់ជាអតីតទីតាំងរបស់ចលនាឧទ្ទាមតាលីបង់។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខេត្តកង់ដាហារបានក្លាយជាឆាកនៃការប្រឈមមុខដាក់គ្នារវាងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាមតាលីបង់។
មតិយោបល់