អ្នកជំនាញផ្នែកស្រាវជ្រាវមេរោគ ចំនួនជាង២០នាក់ ដែលសុទ្ធតែត្រូវបានគេទទួលស្គាល់សមត្ថភាពពាសពេញពិភពលោក បានរួមគ្នា ចេញលិខិតចំហរមួយ អំពាវនាវ ឲ្យរៀបចំបង្កើតក្រុមការងារស្រាវជ្រាវ ស្តីពីប្រភពនៃមេរោគកូរ៉ូណាវីរុសថ្មី (Sars-CoV-2) ដែលបង្កជំងឺកូវីដ១៩ ដោយផ្អែកលើគ្រប់សម្មតិកម្មទាំងអស់។

លិខិតនេះ បានអះអាងថា ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក មិនបានធ្វើការអង្កេតស្រាវជ្រាវ ប្រកបដោយតុល្យភាព ទាក់ទិននឹងសម្មតិកម្ម ដែលថាកូវីដ១៩ អាចមានប្រភពធ្លាយចេញពីមន្ទីរពិសោធន៍។ អ្នកជំនាញដែលសរសេរលិខិតចំហរនេះ បានសង្កត់ធ្ងន់ថា គេត្រូវយកមកពិចារណា ស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយ និងប្រមូលទិន្នន័យ ឲ្យបានច្រើនបំផុត ទាក់ទិននឹងសម្មតិកម្មទាំងអស់ មិនថាសម្មតិកម្មថាឆ្លងចេញពីធម្មជាតិ ឬ សម្មតិកម្មថាឆ្លងចេញពីមន្ទីរពិសោធន៍នោះទេ។

គួររំលឹកថា រដ្ឋាភិបាលចិន បានប្រកែកជាច្រើនលើកច្រើនសា ថាកូវីដ១៩ មិនមានប្រភពធ្លាយចេញពីមន្ទីរពិសោធន៍នៅវូហាននោះទេ។ អ្នកជំនាញចិន ធានាអះអាងថា ពុំអាចទៅរួចទេ ដែលថាមេរោគបានបែកធ្លាយចេញពីមន្ទីរពិសោធន៍។ ក៏ប៉ុន្តែ កន្លងមកអ្នកស្រាវជ្រាវអនាមិកម្នាក់ បានទំលាយឯកសារស្រាវជ្រាវចំនួន៣ បង្ហាញថា មន្ទីរពិសោធន៍ក្រុងវូហាន បានស្រាវជ្រាវ និងធ្វើពិសោធន៍ផ្លាស់ប្តូរ បំលែងភ្នាក់ងារជំងឺ នៃមេរោគកូរ៉ូណាវីរុសមួយចំនួន។

តែយ៉ាងណាក៏ដោយ នៅក្នុងលិខិតចំហរ ចុះផ្សាយដោយទស្សនាវត្តី Science កាលពីថ្ងៃទី១៣ឧសភា អ្នកជំនាញទាំងជាង២០នាក់ បានទាមទារថា ត្រូវតែមានការស៊ើបអង្កេតដោយឯករាជ្យ ប្រកបដោយតម្លាភាព ឥតលម្អៀត៕
មតិយោបល់