បាត់ដំបងៈ ភ្លៀងមួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្ត្រាក់ បានបក់បោក លំនៅដ្ឋានរាប់រយខ្នងរងការខូចខាតយ៉ាងដំណំ ប៉ះពាល់ទៅលើឃុំចំនួន២ ក្នុងស្រុកថ្មគោល ផ្ទះប្រមាណជាង៦០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង។
របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៨និង៤០នាទីយប់ មានភ្លៀងមួយមេយ៉ាងធំ បានធ្លាក់មកលើ ភូមិសាស្ត្រស្រុកថ្មគោល ដែលក្នុងនោះក៏មាន ខ្យល់កន្ត្រាក់ បានបោកបក់មកជាមួយដែរ ព្រមទាំងបានបក់ចូលទៅលើឃុំចំនួនពីរ គឺឃុំតាម៉ឺន និងឃុំតាពូង ដោយបានបំផ្លាញទៅលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ចំនួន២១៤ខ្នង។
របាយការណ៍បានបន្តថា នៅក្នុងចំនួនសរុបនេះគឺមានភូមិចំនួន៨ ដែលទទួលរងនូវខ្យល់កន្ត្រាក់នេះ ដែលក្នុងនោះមានភូមិសំរោង ភូមិក្រសាំង ភូមិអង់ ភូមិថ្មី ភូមិគោកត្រប់ភូមិជ្រោយម្ទេស និងភូមិគោកក្តួច ដោយក្នុងចំណោមផ្ទះទាំង២១៤ខ្នងនេះ គឺមានផ្ទះចំនួន៦២ខ្នង ត្រូវដួលរលំទាំងស្រុង និង១៥២ខ្នងទៀតរបើកដំបូល និងជញ្ជាំង។
នៅក្នុងហេតុការណ៍នេះដែរ គឺពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬសត្វឡើយ ហើយបច្ចុប្បន្នក៏មានខាងសាខាកាកបាទក្រហម បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីត្រៀមនាំអំណយយកទៅចែកជូនដល់ពួកគាត់ រីឯសមត្ថកិច្ច ក៏បានចុះជួយកែច្នៃ និងកសាងឡើងវិញនូវលំនៅដ្ឋានមួយចំនួនផងដែរ៕
មតិយោបល់