(បរទេស)៖ កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ ថ្មីៗនេះ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា លោកតា ដេកស្ទ័រ ឃ្រូគើរ ជនជាតិអូស្ត្រាលី អ្នកដែលមានអាយុ ១១១ឆ្នាំ ច្រើនជាងគេបំផុតក្នុងប្រទេសអូស្ត្រាលី បានបង្ហើបឱ្យដឹងពីការរស់នៅ ដែលធ្វើឱ្យលោកតាមានអាយុវែង និងការចងចាំនៅល្អ គ្មានភ្លេចអ្វីទាំងអស់ទៀតផង។
លោកតា ឃ្រូគើរ ជាពេទ្យសត្វ ដែលចូលនិវត្តន៍យូរហើយ បច្ចុប្បន្នអាយុ ១១១ឆ្នាំ និង ១២៤ថ្ងៃ គឺជាបុគ្គលដែលមានអាយុច្រើន ជាងលោកតា ជែក ឡុកកេតត៍ ទាហានចូលនិវត្តន៍ ក្នុងសម័យសង្គ្រាមលោកលើកទី1 ចំនួន 1ថ្ងៃ ដែលបានទទួលអនិច្ចកម្ម កាលពីឆ្នាំ២០២១។
លោកតា ឃ្រូគើរ បានផ្ដល់បទសម្ភាសពិសេស ជាមួយទីភ្នាក់ងារព័ត៌មាន ABC News របស់អូស្ត្រាលី នៅឯមណ្ឌលថែទាំមនុស្សចាស់ជរា ក្នុងរដ្ឋឃ្វីនស្លែនដ៍ ដោយបានបង្ហើបឱ្យដឹងអំពី គន្លឹះសម្ងាត់ ដែលធ្វើឱ្យលោកតា មានអាយុវែង និងខួរក្បាលនៅតែរហ័សរហួនភ្លឺថ្លានោះថា មកពីការទទួលទានអាហារបំប៉នរាងកាយរៀងរាល់សប្ដាហ៍។
លោកតាឃ្រូគើរ ថ្លែងថា “ខួរមាន់ហ្នឹងឯង គឺមាន់វាមានក្បាល ហើយនៅក្នុងក្បាលពួកវា មានខួរ ដុំតូចៗ រសជាតិឆ្ងាញ់ខ្លាំងណាស់ ល្មមៗ 1ម៉ាត់តែម្ដង ”
ចំណែកលោកតា ក្រេក ឃ្រូគើរ កូនប្រុស អាយុ ៧៤ឆ្នាំ បានរៀបរាប់ពីឪពុក ដែលមានអាយុវែងនេះថា អាចនឹងមកពីអាជីពជាគ្រូពេទ្យបសុសត្វ ព្រោះត្រូវបញ្ចេញកម្លាំងកាយ ធ្វើការងារជាប់រហូត ទើបធ្វើឱ្យរាងកាយរឹងមាំហ្នឹងឯង។
លោកស្រី មេឡានី ខាល់វើត ជំនួយការវេជ្ជបណ្ឌិតអាជីព និងជាអ្នកចាត់ការទូទៅមណ្ឌលថែទាំជនចាស់ជរា បានថ្លែងថា លោកតា ឃ្រូគើរ ជាសមាជិកម្នាក់របស់មណ្ឌលថែទាំជនចាស់ជរា ដែលឆ្លាតវាងវៃបំផុត ព្រោះមានការចងចាំដ៏ល្អអស្ចារ្យ សម្រាប់មនុស្សដែលមានអាយុដល់ ១១១ឆ្នាំហើយនោះ។
ទាំងអស់នេះ លោក ចន ថេលើរ ស្ថាបនិកកំណត់ត្រាស្ថិតិនៃប្រទេសអូស្ត្រាលី បានអះអាងថា លោកតាឃ្រូគើរ ជាពលរដ្ឋម្នាក់ ដែលមានអាយុច្រើនបំផុត និងនៅមានជីវិតរបស់ប្រទេសអូស្ត្រាលីនាពេលបច្ចុប្បន្ន ចំណែកស្ថិតិខ្ពស់បំផុតវិញនោះ នៅតែជារបស់លោកយាយ គ្រិស្ទីណា ឃុក ដែលបានទទួលអនិច្ចកម្ម កាលពីឆ្នាំ២០១២ ក្នុងអាយុ ១១៤ឆ្នាំ និង ១៤៨ថ្ងៃ៕
ប្រភព៖ សារព័ត៌មានបរទេស
មតិយោបល់