ព័ត៌មានជាតិ

កូរ៉េ ផ្តល់ការគាំទ្របច្ចេកទេសទំនើប និងធនធានមនុស្ស លើវិស័យកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជា

ភ្នំពេញៈ ឆ្លងតាមលទ្ធផលនៃដំណើរទស្សនកិច្ច និងជំនួបរបស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េជាញឹកញាប់ បានឈានទៅដល់ការពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីកាន់តែជិតស្និតនិងរឹងមាំ ជាពិសេសបានផ្តល់ការគាំទ្រនូវគម្រោងអភិវឌ្ឍជាច្រើនលើវិស័យកសិកម្ម តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គម្រោង KOPIA និងសាកលវិទ្យាល័យ DAN KOOK ដែលបានរួមគ្នាពង្រីកពូជដំឡូបារាំង និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មនៅកម្ពុជា។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលស្រាវជ្រាវដំឡូងបារាំង និងបើកសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍បច្ចេកវិទ្យា ជាលិកាវប្បកម្មនិងផលិតកម្មដំឡូងបារាំងនៅកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមជំនួយរបស់ប្រទេសកូរ៉េ។

លោករដ្ឋមន្រ្តីលើកឡើងថា “ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់ពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានទទួលជំនួយពីប្រទេសកូរ៉េជាច្រើន ដូចជា៖ ការអភិវឌ្ឍន៍ក្នុងអនុវិស័យសំខាន់ ការកសាងហេដ្ឋរចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស ការពិសោធន៍ស្រាវជ្រាវលើបច្ចេកវិទ្យាទំនើប ទស្សនកិច្ចសិក្សាមន្រ្តីរាជការ រួមទាំងកសិករឆ្នើមផងដែរ”

លោករដ្ឋមន្រ្តីបញ្ជាក់ថា នៅកម្ពុជាមិនទាន់មានដាំដំឡូងបារាំងនេះគួរឱ្យកត់សម្គាល់នៅឡើយទេ ភាគច្រើននាំចូលពីបរទេស ដូច្នេះគម្រោងការបង្កើនមជ្ឈមណ្ឌលស្រាវជ្រាវដំឡូងបារាំងនៅពេលនេះ ពិតជាឆ្លើយតបទៅនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៤-២០១៨ ដែលក្រសួងបាននិងកំពុងអនុវត្ត និងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលដែលបានកំណត់ថា វិស័យកសិកម្មនៅតែមានតួនាទី សំខាន់ក្នុងការទ្រងទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។

លោករដ្ឋមន្រ្តីបន្ថែមថា ការធ្វើទំនើបកម្មវិស័យកសិកម្ម តាមអភិក្រម និងក្នុងវិសាលភាព និងល្បឿនថ្មី ដើម្បីប្រែក្លាយវិស័យនេះពីដំណាក់កាលអភិវឌ្ឍន៍តាមបែបវិបុលកម្ម ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើផលិតកម្មតាមបែបប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់ លើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវនិងការអភិវឌ្ឍន៍យន្តូបនីយកម្ម ព្រមទាំងបង្កើតសមត្ថភាពស្រោចស្រពដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មមុខដំណាំ និងផលិតកម្មផ្សេងទៀតរួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្ម ការគ្រប់គ្រងដីធ្លីប្រកបដោយប្រសិទ្ធភាព ការធានាចីរភាពបរិស្ថាន និងធនធានធម្មជាតិ ការបន្តជម្រុញការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម និងការអភិវឌ្ឍន៍កសិឧស្សាហកម្មជាដើម។

ជាមួយគ្នានោះដែរ សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ង៉ោ ប៊ុនថាន បានបង្ហាញរបាយការណ៍ថា គម្រោងបង្កើនមជ្ឈមណ្ឌលនេះទទួលបានការឧបត្ថម្ភគាំទ្រពីគម្រោង KOPIA , DAN KOOK និង KOICA ដើម្បីធ្វើការពង្រីកពូជដំឡូបារាំង សម្រាប់ចែកជូនកសិករដាំដុះ និងបង្កើនផលិតកម្មដំឡូងបារាំងនៅកម្ពុជា៕

photo_2016-09-20_15-48-44photo_2016-09-20_15-48-38photo_2016-09-20_15-48-40photo_2016-09-20_15-48-42

មតិយោបល់