ព័ត៌មានជាតិ

បញ្ជីឈ្មោះកីឡាករជម្រើសជាតិត្រៀមលេងជម្រុះ(FIFA World Cup)នឹងចេញនៅថ្ងៃទី២៦ ខែឧសភា

 

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងថាការជ្រើសរើសសមាសភាពកីឡាករក្រុមជម្រើសជាតិកំពុងត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ជាបណ្តើរៗហើយ ក្រោមការសង្កេតនិងជ្រើសរើសពីគ្រូបង្គោលថ្មីជនជាតិជប៉ុន លោក RYU HIROSE ។

លោកបញ្ជាក់ថាតាមពិតបញ្ជីឈ្មោះក្រុមជម្រើសជាតិអាចនឹងមានហើយ ប៉ុន្តែមិនទាន់បានបញ្ចេញជាផ្លូវការនៅឡើយដោយរង់ចាំមើលនាថ្ងៃទី២៦-២៧ ខែឧសភា ដើម្បីទុកពេលឲ្យកីឡាករបានខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាមុនត្រូវបានកោះហៅ។

ការមិនទាន់បញ្ចេញនេះជាយុទ្ធសាស្រ្តរបស់គ្រូបង្វឹកព្រោះប្រសិនបើកីឡាករណាដឹងថាខ្លួនជាប់ជាកីឡាករជម្រើសជាតិកីឡាករនោះអាចនឹងទម្លាក់ការខិតខំហ្វឹកហាត់ក្នុងការប្រកួតលីគកំពូលដែលកំពុងដំណើរឡើងវិញ។

លោកថា៖«ខ្ញុំជឿជាក់ថា បញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិមានរួចហើយ ប៉ុន្តែរង់ចាំការបញ្ចេញជាផ្លូវការនាពេលខាងមុខឆាប់ៗនេះ»។

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវចូលរួម៣ប្រកួតចុងក្រោយនៃការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវជួបជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងប្រកួតចុងក្រោយជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាឈុតអាយុក្រោម២២ឆ្នាំ នឹងត្រូវចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

 

ប្រភព៖​​​​​​ CSB SPORTS

មតិយោបល់