មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ ឬយថាហេតុផ្សេងៗ

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានចេញបញ្ជាតឹងរឹងបំផុតចំពោះសន្តិសុខផ្ទៃក្នុងអង្គភាពកងពល និងវរសេនាតូចចំណុះកងពលទាំង៤។
លោកបានមានប្រសាសន៍ថា ដោយផ្អែកទៅលើសភាពការណ៍បច្ចុប្បន្នជំងឺកូវីដ-១៩ ឆ្លងរីករាលដាលកាន់តែច្រើន ដែលភាគច្រើនផ្ទុះទ្រង់ទ្រាយធំតែនៅទីក្រុងភ្នំពេញ តែក្នុងមួយរយៈនេះមានការឆ្លងជាបន្តបន្ទាប់តាមរយៈអ្នកធ្វើដំណើរមកពីក្រុង ឬខេត្តឆ្ងាយៗចូលមកក្នុងភូមិសាស្ត្រ។ ជាក់ស្តែង នៅពេលថ្មីៗនេះមានប្រជាពលរដ្ឋម្នាក់មុខរបរចែកចាយជីកសិកម្ម របស់ក្រុមហ៊ុនខ្មែរមួយ បានធ្វើដំណើរមកពីរាជធានីភ្នំពេញមកស្រុកកំរៀង ត្រូវបានពិនិត្យឃើញមានផ្ទុកជំងឺកូវីដ-១៩។
លោកបានបញ្ជាក់ដល់ មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះកងពលទំាងអស់ត្រូវតែរឹតបន្តឹងចំពោះការចេញចូលអង្គភាព។ យោធិនដែលចេញចូលបន្ទាយត្រូវមានការអនុញ្ញាតពីមេបញ្ជាការអង្គភាព និងត្រូវត្រួតពិនិត្យប្រភពឲ្យបានច្បាស់លាស់មុននឹងឲ្យចូលបន្ទាយ ហើយប្រសិនមិនពាក់ពាក់ម៉ាស់មិនអនុញ្ញាតឲ្យចេញចូលឡើយ។ ចំពោះកម្លាំងដែលកំពុងបំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន មិនត្រូវអនុញ្ញាតច្បាប់ជាដាច់ខាត ក្នុងករណីចាំបាច់ផ្លាស់ប្តូរកម្លាំងត្រូវអនុវត្តតាមឋានានុក្រម និងស្នើគោលការណ៍ពីមេបញ្ជាការកងពល។
លោកបន្តទៀតថា ដើម្បីរក្សាបានសុវត្ថិភាពខ្ពស់ពីការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងអង្គភាព កងពលបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលខុសត្រូវត្រួតពិនិត្យយោធិនសង្ស័យ ដើម្បីបញ្ជូនពួកគេទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មុខសញ្ញាត្រូវធ្វើចត្តាឡីស័កចំពោះយោធិនណា ដែលធ្វើដំណើរមកពីទីក្រុង ឬខេត្តឆ្ងាយៗ និងយោធិនណា ដែលចេញពីបន្ទាយទៅតំបន់ណាដែលមានផ្ទុះជំងឺដ៏កាចសាហាវនេះ។ រីឯតាមបណ្តាវរសេនាតូចចំណុះកងពលក៏ត្រូវរៀបចំទីកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ។
នៅក្នុងឱកាសនោះ លោក មេបញ្ជាការកងពល ក៏បានបញ្ជាគ្រប់កងឯកភាពត្រូវត្រៀមកម្លាំងអន្តរាគមន៍តាមផែនការរបស់ថ្នាក់លើ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ ឬរងគ្រោះជាយថាហេតុផ្សេងៗ។ លោកបញ្ជាក់ថា ដោយក្នុងរដូវកាលនេះ គឺជារដូវភ្លៀងធ្លាក់ផង អាចនឹងមានខ្យល់កន្ត្រាក់ ដូច្នេះប្រសិនបើមានហេតុកើតឡើង យើងអាចដោះស្រាយជួយសង្គ្រោះបានទាន់ពេលវេលា៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *