ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំនាយទាហានជាន់ខ្ពស់ចំណុះទីបញ្ជាការយោធភូមិភាគទី៤ ចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន ដែលជាក្រុមគ្រូពេទ្យកំពុងបំពេញភារកិច្ចនៅមណ្ឌលចត្តាឡីស័កនៅក្នុងសាលាបឋមសិក្សា វត្តស្វាយ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
ក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានពាំនាំនូវសារផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនដល់ក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចដ៏សកម្មក្នុងការជួយប្រជាពលរដ្ឋដែលត្រូវបានអញ្ជើញមកធ្វើចត្តាឡីស័ក ដើម្បីការពារ និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ។
ក្នុងនោះឯកឧត្តម មេបញ្ជាការ ក៏បានពាំនាំយកនូវសម្ភារបរិក្ខាពេទ្យ និងគ្រឿងឧបភោគ បរិភោគដែលជាជំនួយរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកជូនដល់មណ្ឌលចត្តាឡីស័ក រួមមាន:
មី ១៥កេស, ថ្នាំបាញ់សម្លាប់មេរោគ ២ធុង, ម៉ាសចំនួន ១,០០០ម៉ាស, អាវការពារមេរោគចំនួន ២០ឈុត, ជេលសម្លាប់មេរោគចំនួន ៣កេស, ម៉ាស៊ីនបាញ់ថ្មាំសម្លាប់មេរោគចំនួន ៣គ្រឿង និងត្រី ខ (ខ ភ ម) ២កេស ស្មើនឹង ៤០គីឡូក្រាម ។
ឯកឧត្តម មេបញ្ជាការ ក៏បានរំលឹកបន្ថែមដល់យោធិនជាក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចត្រូវយកអស់ស្មារតី ចំណេះដឹង បទពិសោធន៍ បំពេញភារកិច្ចតាមដានអោយមានប្រសិទ្ធភាព ជាពិសេសគោរពឲ្យបាននូវក្រមសីលធម៌ វិជ្ជាជីវ:ជាគ្រូពេទ្យ និងត្រូវមានកិច្ចសហការល្អជាមួយមិត្តរួមការងារ និងមន្រ្តីអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យសម្រេចបានលើការងារនេះ។
សូមបញ្ជាក់ផងដែរថា ដោយស្ថានភាពវិវត្ត នៃការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅកម្ពុជា ជាពិសេសយោងតាមការដឹកនាំប្រកបដោយភាពម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការយកចិត្តទុកដាក់របស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ដោយមានយន្តការច្បាស់លាស់របស់ក្រសួងស្ថាប័នគ្រប់លំដាប់ថ្នាក់ ក្នុងការបង្កើនប្រសិទ្ធភាពប្រយុទ្ធទប់ស្កាត់ ការរីករាលដាលដោយជំងឺដ៏កាចសាហាវនេះ ដោយឡែកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រគល់មណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាវត្តស្វាយនេះមកឲ្យអង្គភាពយោធភូមិភាគទី៤ ធ្វើការគ្រប់គ្រង និងបន្តនិរន្តរភាពការងារ ហើយសម្ភារវេជ្ជសាស្រ្តមួយចំនួនអាជ្ញាធរខេត្តសៀមរាប បានផ្ដល់ជូនដល់ក្រុមគ្រូពេទ្យយោធភូមិភាគទី៤ ជាបន្តបន្ទាប់ដើម្បីបំពេញភារកិច្ចផងដែរ ។
ក្នុងដំណើរចុះសួរសុខទុក្ខនេះផងដែរគឺ មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង និងការិយាល័យចំណុះមួយចំនួន ៕
មតិយោបល់