របាយការណ៍ពីខាងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បាននិយាយថា មានសមាជិកសន្តិសុខភូមាចំនួន ១៥ នាក់ត្រូវបានសម្លាប់នៅទីក្រុងម៉ូប៊ី (Mobye) ភាគខាងកើតប្រទេសភូមា។ ចំណែកកងកម្លាំងការ៉ែន ដែលជាបណ្តាញក្រុមប្រឆាំងក្នុងស្រុក បានឲ្យដឹងថា សមាជិកក្រុមប្រយុទ្ធម្នាក់ត្រូវបានសម្លាប់។
វីដេអូស្តីអំពីហេតុការណ៍វាយប្រយុទ្ធគ្នានៅទីក្រុង Mobye បានបង្ហាញពីសាកសពជាច្រើន ដែលមានពាក់ឯកសណ្ឋានកងកម្លាំងសន្តិសុខភូមា។ ចំណែក រូបភាពផ្សេងទៀតបានបង្ហាញពីបុរសបួននាក់ ដែលគេនិយាយថាជាប៉ូលិសភូមា។ បុរសទាំង៤នាក់ បានដាក់ដៃនៅពីក្រោយខ្នងរបស់ពួកគេ និងមានពាក់ម៉ាស់ការពារ។
ក្រៅពីនេះ គេឃើញរថយន្តប៉ូលិសមួយគ្រឿងកំពុងឆាបឆេះក្នុងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ខណៈដែលក្រុមប្រដាប់អាវុធរាប់សិបនាក់កំពុងឈរនៅកន្លែងកើតហេតុដែរ។
ទាក់ទងនឹងរឿងនេះ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មិនអាចទាក់ទង អ្នកនាំពាក្យរបបយោធា ដើម្បីបញ្ជាក់ពីព្រឹត្តិការណ៍ដែលគេបានមើលឃើញនៅក្នុងវីដែអូ ឬបញ្ជាក់ពីការអះអាងរបស់ក្រុមប្រដាប់ឡើយ។
គួររំឭកជូនថា ទីក្រុងម៉ូប៊ី មានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីណៃពិដោ។ ប៉ុន្តែ ទីក្រុងនេះ មានទីតាំងស្ថិតនៅជិតក្បែរទឹកដីដែលកាន់កាប់ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន ដែលបានតស៊ូចេញប្រយុទ្ធ ប្រឆាំងនឹងកងទ័ពភូមាជាច្រើនទសវត្សរ៍មកហើយ ដើម្បីទទួលបានស្វ័យភាព។
គួរជ្រាបដែរថា កាលពីថ្ងៃអាទិត្យម្សិលមិញ ការវាយប្រយុទ្ធគ្នាដោយកាំភ្លើងមួយផ្សេងទៀត បានកើតឡើងផងដែរ រវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច ជាមួយកងទ័ពភូមា នៅទីក្រុង Muse ដែលជាច្រកឆ្លងកាត់ដ៏សំខាន់មួយទៅកាន់ប្រទេសចិន។ ប៉ុន្តែ មិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសនោះទេ៕
មតិយោបល់